ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានបញ្ជារដ្ឋបាលរាជធានីភ្នំពេញ ក្រសួងអប់រំ យុវជន និងកីឡា និងផ្នែកកីឡា សិក្សាកន្លែងសាងសង់អន្តេវាសនដ្ឋានមួយកន្លែង នៅតំបន់ពហុកីឡដ្ឋានជាតិមរតកតេជោ សម្រាប់ផ្តល់ជូនសិស្សក្រីក្រមកពីបណ្តាខេត្តនានា ជាពិសេសនិស្សិត ជានារី និងសិស្សបរទេសមកសិក្សានៅកម្ពុជា។
នាឱកាសអញ្ជើញជួបសំណេះសំណាល និងផ្ដល់រង្វាន់លើកទឹកចិត្ត ដល់សិស្សនិទ្ទេសA នាព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២ សម្ដេចតេជោបានមានប្រសាសន៍ថា នៅតំបន់ពហុកីឡដ្ឋានជាតិមរតកតេជោ មានផាសុខភាព ទោះបីឆ្ងាយពីទីក្រុងភ្នំពេញបន្ដិច។ សម្ដេចថា អន្តេវាសនដ្ឋានដែលផ្តើមឡើង ដំបូងចាប់ពី២០០ ទៅ៣០០គ្រែ និងបន្តកើនឡើងជាបន្តបន្ទាប់ទៀត។
សម្ដេចតេជោបញ្ជាក់ថា «សូមសិក្សាមើលទាំងអស់គ្នា សាលាក្រុង ជាមួយនឹងក្រសួងអប់រំ យុវជន និងកីឡា ហើយនឹងផ្នែកកីឡាដែលយើងមានដីនៅកន្លែងនោះហើយ យើងអាចចាប់យកដីកន្លែងនោះ ធ្វើម៉ង (អន្តេវាសនដ្ឋាន) មួយឆ្នាំយើងបន្ដិចម្ដងៗ ដែលអាចដាក់គ្រែបាន២០០-៣០០គ្រែ សម្រាប់ជូននិស្សិតជាស្ដ្រី រាប់ទាំងសិស្សបរទេស នៅសិក្សានៅកម្ពុជា»។
លើសពីនេះ សម្ដេចតេជោក៏លើកឡើងថា នាពេលឆាប់ៗខាងមុខ ក្រុមនិស្សិតមកពីប្រទេសម៉ាល់ឌីវ នឹងមកសិក្សានៅកម្ពុជា ដើម្បីចាប់យកជំនាញផ្សេង។ សម្ដេចថា ចំពោះគម្រោងនៃការមកសិក្សា របស់និស្សិតម៉ាល់ឌីវនេះ គឺក្រុមមន្រ្តីកម្ពុជាបានត្រៀមលក្ខណៈ ស្វាគមន៍រួចរាល់ហើយ រងចាំតែពួកគេមកប៉ុណ្ណោះ៕