នយោបាយ

លោក គង់ គាំ បញ្ចប់តួនាទី ជាឧត្តមទីប្រឹក្សាបក្សភ្លើងទៀន ដោយខ្លួនឯង និងទទួលកំហុស ធ្វើឲ្យប៉ះពាល់ បក្សប្រជាជន

ភ្នំពេញ ៖ លោក គង់ គាំ បានសម្រេចបញ្ចប់តួនាទី និងសកម្មភាពជាឧត្តមទីប្រឹក្សា គណបក្សភ្លើងទៀន ព្រមទាំងទទួលកំហុស និងសូមអភ័យទោសចំពោះថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា បន្ទាប់ពីធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូរ។

យោងតាមលិខិតថ្លែងអំណរគុណជូនចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នាពេលថ្មីៗនេះ លោក គង់ គាំ និងភរិយា ព្រមទាំងកូនចៅ សូមអរគុណចំពោះ សម្ដេចតេជោ ដែលអនុគ្រោះមិនបន្ដបណ្ដឹងលោកទៅតុលាការ ។

លោក គង់ គាំ បានបញ្ជាក់ថា «ខ្ញុំសូមទទួលកំហុស និងសូមអភ័យទោសពីសម្តេច ពីថ្នាក់ដឹកនាំគណបក្ស ប្រជាជនកម្ពុជា ដែលយល់ឃើញថាកាយវិការ និងអំពើរបស់ខ្ញុំបាទ គង់ គាំ ក្នុងសកម្មភាពចុងក្រោយនេះ បានប៉ះពាល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងបះពាល់ដល់ភាពសុខសាន្តចំពោះសង្គមជាតិ»

លោក គង់ គាំ បន្ដថា «ក្រោយពិនិត្យហេតុកន្លងមកនេះ និងពិនិត្យពិចារណាពិសណ្តាប់ធ្នាប់ពិភពលោកថ្មី និងបរិយាកាសភូមិសាស្រ្តនយោបាយតំបន់ ពិសេសនយោបាយកម្ពុជា ដែលកំពុងយកចិត្តទុកដាក់ ចំពោះអ្នកនយោបាយបន្តវេន ខ្ញុំបាទ គង់ គាំ សម្រេចបញ្ចប់តួនាទី និងសកម្មភាពជាឧត្តមទីប្រឹក្សាគណបក្សភ្លើងទៀន ចាប់ពីពេលនេះតទៅ»។

សូមរំលឹកថា នាពេលថ្មីៗនេះសម្ដេចតេជោ បានសម្រេចមិនប្ដឹងបន្ដទៀត ក្រោយលោក គង់ គាំ និងភរិយា ប្រគល់ផ្ទះ និងដី ជូនក្រសួងការបរទេសវិញ។ ដីដែលលោក គង់ គាំ កំពុងរស់នៅ ហើយប្រកាសប្រគល់ឲ្យរដ្ឋវិញគឺជាដីកម្មសិទ្ធិក្រសួងការបរទេស ហើយត្រូវបានលោកចូលមករស់នៅកាលពីឆ្នាំ១៩៨២ ពេលនៅជាសមាជិកបក្សប្រជាជនកម្ពុជា និងជាអនុរដ្ឋមន្ត្រីការបរទេស៕

To Top