ព័ត៌មានជាតិ

ធនាគារជាតិ-នគរបាលជាតិ នឹងចាត់វិធានការ ចំពោះការផ្ដល់ឥណទានខុសច្បាប់

ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលជាតិ បានព្រមានថា នឹងចាត់វិធានការយ៉ាងតឹងរ៉ឹងតាម ផ្លូវច្បាប់ ចំពោះដល់ការផ្ដល់ឥណទានខុសច្បាប់ និងផ្សព្វផ្សាយនានាតាមគ្រប់រូបភាពពាក់ព័ន្ ធនឹងការផ្ដល់សេវា ហិរញ្ញវត្ថុដោយគ្មានច្បាប់អនុញ្ញាត។

ការព្រមានចាត់វិធានការនេះ ដោយសារ មានសកម្មភាពផ្សព្វផ្សាយនិងផ្តល់សេវាហិរញ្ញវត្ថុក្រៅផ្លូវការ ជាពិសេសសេវា ឥណទាន តាមរយៈទូរស័ព្ទ បណ្តាញសង្គមនានា និងអនឡាញ យ៉ាងអនាធិបតេយ្យដោយគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវពី ធនាគារជាតិ ធ្វើឲ្យសាធារណជនមានការភាន់ច្រឡំ និងបានបង្កផលវិបាកជាច្រើនមកលើសេដ្ឋកិច្ចនិងសង្គមតាមរយៈ ការយកអត្រាការប្រាក់ខ្ពស់ហួសហេតុ ការគំរាមកំហែងបំភិតបំភ័យ ការអនុវត្តកិច្ចសន្យាមិនសុចរិត ដោយបង្កប់នូវការ កេងចំណេញហួសហេតុពីអ្នកខ្ចីប្រាក់ បណ្តាលឲ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរ ដ្ឋនិងធ្វើឲ្យធ្លាក់ក្នុង បំណុល ច្រើនលើសលប់។ ការណ៍នេះបានជះឥទ្ធិពលដល់ស្ថិរភាពហិរញ្ញវត្ថុ ជំនឿទុកចិត្តរបស់សាធារណជន បរិយាបន្នហិរញ្ញវត្ថុ និងការរីកចម្រើននៃវិស័យធនាគារ នៅកម្ពុជាទាំងមូល។ នេះបើតាមសេចក្ដីថ្លែងការណ៍រួមរបស់ធនាគារជាតិ និងអគ្គស្នងការដ្ឋាននគរបាលជាតិ នាពេលថ្មីៗនេះ ។

ចំពោះករណីនេះ អង្គភាពទាំង២ខាងលើ ស្នើប្រជាពលរដ្ឋប្រើប្រាស់ សេវាហិរញ្ញវត្ថុផ្លូវការដែលផ្តល់ដោយគ្រឹះ ស្ថានធនាគារនិងហិរញ្ញវត្ថុ ដែលទទួលអាជ្ញាបណ្ណប្រកប អាជីវកម្មពីធនាគារជាតិ រួមមាន ៖ ធនាគារពាណិជ្ជ ធនាគារឯកទេស គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គ្រឹះស្ថានភតិសន្យាហិរញ្ញវត្ថុ គ្រឹះស្ថានផ្តល់សេវាទូទាត់ សងប្រាក់ និងគ្រឹះស្ថានឥណទានជនបទ ដែលគ្រឹះស្ថានទាំងនេះស្ថិតក្រោមច្បាប់និងបទប្បញ្ញត្តិ និងការត្រួតពិនិត្យរបស់ធនាគារជាតិ ហើយអតិថិជនគ្រឹះស្ថានទាំងនេះត្រូវបានការពារដោយច្បាប់។

លិខិតបញ្ជាក់ថា “ធនាគារជាតិនៃកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលជាតិ នឹងចាត់វិធានការតឹងរ៉ឹងតាមផ្លូវច្បាប់ ដល់ការផ្តល់ឥណទានខុសច្បាប់ និងការផ្សព្វផ្សាយនានាតាមគ្រប់រូបភាព ពាក់ព័ន្ធនឹងការផ្តល់សេវា ហិរញ្ញវត្ថុដោយ គ្មានច្បាប់អនុញ្ញាត”។

ទន្ទឹមនេះ ធនាគារជាតិ និងអគ្គស្នងការដ្ឋាននគរបាលជាតិ សំណូមពរពលរដ្ឋចៀសវាងដាច់ខាតចំពោះ ការខ្ចីប្រាក់ពីអ្នក ផ្តល់សេវាហិរញ្ញវត្ថុក្រៅផ្លូវការដែលពុំមានការអនុញ្ញាតពីធនាគារជាតិ៕

To Top