ព័ត៌មានជាតិ

លោក គង់ គាំ សម្រេចចិត្តចូលនិវត្តន៍ ពីនយោបាយ

ភ្នំពេញ ៖ ដោយសារបញ្ហាសុខភាព លោក គង់ គាំដែលជាអ្នកនយោបាយចាស់វស្សានៅកម្ពុជា បានសម្រេចចិត្តចូល និវត្តន៍ ពីឆាកនយោបាយហើយ ដោយសារបញ្ហាសុខភាព ។ នេះបើតាមលោក គង់ មុនីកាដែលជាកូនប្រុសរបស់លោកគង់ គាំ ។

ការសម្រេចចិត្តសម្រាកពីឆាកនយោបាយនេះ ក្រោយពីលោក គង់ គាំបានផ្ញើលិខិតមួយច្បាប់ទៅសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា សុំទោសសម្តេច ជុំវិញការបញ្ចេញមតិធ្វើឲ្យប៉ះពាល់ ដល់គណបក្សប្រជាជនកម្ពុជា ។ អ្វីកាន់តែចាប់អារម្មណ៍ទៀតនោះ គឺព្រឹទ្ធាចារ្យនយោបាយរូបនេះ បានប្រកាសក្តែងៗក្នុង លិខិតថា លោកបានលាឈប់ពីឧត្តមទីប្រឹក្សាគណបក្សភ្លើងទៀន ។

ក្រោយឃើញបែបនេះ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលបានទូរស័ព្ទសម្ភាសន៍លោកគង់ គាំ តែម្តង នារសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ ប៉ុន្តែត្រូវភរិយារបស់លោកទទួលជំនួសវិញ ហើយបានប្រាប់ថា លោកកំពុងនៅក្នុងមន្ទីរពេទ្យ ដើម្បីពិនិត្យសុខភាពតាមការណាត់របស់គ្រូពេទ្យ ។

បន្តមកទៀតក៏សម្ភាសន៍លោក គង់ មុនីកា តាមបណ្តាញតេឡេក្រាម អំពីការលាឈប់របស់លោកឪពុកថា តើការប្រកាសឈប់របស់លោក គង់ គាំនេះនឹងអាចទៅចូលរួមជាមួយបក្សណាផ្សេងទេ ឬក៏ចូលរួមជាគណបក្ស កាន់អំណាច?។ លោក គង់ មុនីកា តបមកវិញថា “ដោយបញ្ហាសុខភាព លោក(គង់ គាំ)សម្រេចចិត្តចូលនិវត្តន៍ពីនយោបាយ ដូចលិខិតបានបញ្ជាក់(លិខិតផ្ញើទៅសម្តេច) ។ លោក(គង់ គាំ)លើកទឹកចិត្តដល់អ្នកនយោបាយបន្តវេនគ្រប់និន្នាការ ធ្វើការជាមួយគ្នាជាវប្បធម៌នយោបាយថ្មី សំដៅកសាងលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្សនៅកម្ពុជា”។
ក្នុងលិខិតលោក គង់ គាំផ្ញើទៅសម្តេចតេជោមានអត្ថន័យថា «ពិនិត្យពិចារណាពីសណ្តាប់ធ្នាប់ពិភពលោកថ្មី និងបរិយាកាសភូមិសាស្រ្តនយោបាយតំបន់ ពិសេសនយោបាយកម្ពុជាដែលកំពុងយកចិត្តទុកដាក់ ចំពោះអ្នកនយោបាយបន្តវេន ខ្ញុំបាទ គង់ គាំ សម្រេចបញ្ចប់តួនាទី និងសកម្មភាពជាឧត្តមទីប្រឹក្សាគណបក្សភ្លើងទៀន ចាប់ពីពេលនេះតទៅ»។

សូមបញ្ជាក់ថា ថ្មីៗនេះ លោក គង់ គាំ និងភរិយា បានប្រគល់ផ្ទះ និងដី នៅក្នុងទឹកដីខណ្ឌចំការមន ជូនក្រសួងការបរទេស វិញ ក្រោយពីក្រសួងអះអាងថា រស់នៅមិនស្របច្បាប់។ ដីដែលលោក គង់ គាំ កំពុងរស់នៅ ហើយប្រកាសប្រគល់ឲ្យ រដ្ឋវិញ គឺជាដីកម្មសិទ្ធិក្រសួងការបរទេស ហើយត្រូវបានលោកចូលមករស់នៅកាលពីឆ្នាំ១៩៨២ ពេលនៅជាសមាជិកបក្ស ប្រជាជនកម្ពុជា និងជាអនុរដ្ឋមន្ត្រីការបរទេស ។បន្ទាប់ពីសម្រេចផ្តល់ឲ្យ សម្ដេចតេជោ ក៏បានសម្រេចមិនប្ដឹងលោកទៅតុលាការទៀតទេ ៕

To Top