ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចបង្កើនវិភាគទាន ដល់មូលនិធិអន្តរជាតិ សម្រាប់ អភិវឌ្ឍន៍ កសិកម្ម(IFAD) ពី៦០ម៉ឺនដុល្លារ ទៅ១លានដុល្លារ សម្រាប់រយៈពេល៤ឆ្នាំ ចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៨ សម្រាប់លើក ស្ទួយវិស័យកសិកម្ម។

ក្នុងឱកាសអនុញ្ញាតឲ្យលោកស្រី Jyosna Puri អនុប្រធានមូលនិធិអន្តរជាតិ សម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) ចូលជួបសម្ដែងការគួរសមនាថ្ងៃ២ កុម្ភៈ សម្តេចតេជោមានប្រសាសន៍ថា មូលនិធិអង្គការអន្តរជាតិសម្រាប់វិស័យកសិកម្ម ជាដៃគូល្អដែលមានអាយុកាលជាង៣០ឆ្នាំមកហើយ ហើយអង្គការនេះក៏មានទស្សនៈដូចគ្នា។ សម្តេចថា “ក្នុងន័យនេះ យើងត្រូវបន្តភាពជាដៃគូរបស់យើងបន្តទៅទៀត”។
សម្ដេចតេជោបន្តថា កម្ពុជាបានផ្ដោតការយកចិត្តទុកដាក់ទៅលើការអភិវឌ្ឍវិស័យកសិកម្ម និងជនបទ ដើម្បីចង់ធ្វើយ៉ាង ណា ឲ្យកសិករផលិត ហើយទទួលបានផលចំណេញ ចង់រក្សាកុំឲ្យអ្នកដើរឆ្លងផុតបន្ទាត់ក្រីក្រធ្លាក់ចុះទៅវិញ ចង់ជំរុញឲ្យវិស័យកសិកម្មទៅជាកសិពាណិជ្ជកម្ម និងកសិឧស្សាហកម្ម ។

សម្ដេចតេជោថាបញ្ជាក់ថា “មានសេចក្តីរីករាយផ្សារជាថ្មីម្ដងទៀត ចំពោះភាពជាដៃគូដ៏ល្អជាមួយ អង្គការមូលនិធិអន្តរជាតិ សម្រាប់វិស័យកសិកម្ម ហើយបានសម្រេចលើការបង្កើនវិភាគទានរបស់កម្ពុជាពី៦០ម៉ឺនដុល្លារ ទៅ១លានដុល្លារ ចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៨”។
ចំណែកលោកស្រី Jyosna Puri បានថ្លែងថា សម្ដេចតេជោបានជួយឲ្យប្រជាពលរដ្ឋឆ្លងកាត់បន្ទាត់ក្រីក្រ ជួយក្នុងកិច្ចគាំពារ សង្គម ខាងអាហារូបត្ថម្ភ និងការដាក់ចេញនយោបាយដ៏ល្អ សម្រាប់វិស័យកសិកម្ម និងអភិវឌ្ឍន៍ជនបទ ឲ្យមានអ្នកបច្ចេកទេស កសិកម្មនៅតាមឃុំ តាមជនបទ និងកម្មវិធីស្រោចស្រព នៃវិស័យកសិកម្ម ដើម្បីជំរុញការផលិត កសិផល ដែលមានគុណភាពស្របតាមតម្រូវការទីផ្សារ។

លោកស្រីបន្តថា សម្ដេចតេជោបានខិតខំប្រឹងប្រែងការរក្សាសុខសន្តិភាព ស្ថេរភាពនិងការអភិវឌ្ឍន៍ របស់កម្ពុជាលើវិស័យកសិកម្ម។
លោកស្រីក៏បានគោរពថ្លែងអំណរគុណជួសមុខឲ្យប្រធានមូលនិធិប្រតិភូ ចំពោះការបង្កើនវិភាគទានពី៦០ម៉ឺនដុល្លារ ទៅ១លានដុល្លារ សម្រាប់ឆ្នាំ២០២៥ -២០២៨ ហើយបានប្ដេជ្ញាចិត្តបន្តគាំទ្រកម្ពុជា លើវិស័យកសិកម្ម ឲ្យកាន់តែខ្លាំងក្លាឡើងបន្ថែមទៀត។
មូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍន៍កសិកម្ម (IFAD) គឺជាស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ និងជាទីភ្នាក់ងារឯកទេសរបស់អង្គការសហប្រជាជាតិមួយ ដែលធ្វើការងារដោះស្រាយភាពក្រីក្រ និងភាពអត់ឃ្លាន នៅក្នុងតំបន់ជនបទនៃប្រទេសកំពុងអភិវឌ្ឍន៍។ IFAD ជាអង្គការអភិវឌ្ឍន៍ពហុភាគី តែមួយគត់ ដែលផ្តោតលើសេដ្ឋកិច្ចជនបទ និងសន្តិសុខស្បៀង។
ដោយមានទីស្នាក់ការកណ្តាលនៅក្នុងទីក្រុងរ៉ូម (Rome) នៃប្រទេសអ៉ីតាលី IFAD បានចូលរួមជាមួយគម្រោងជាង២០០ នៅក្នុងប្រទេសជិត១០០។ IFAD បានផ្តល់មូលនិធិ និងឧបត្ថម្ភគំនិតផ្តួចផ្តើមធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងដី និងទឹក អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជនបទ បណ្តុះបណ្តាល និងអប់រំ កសិករអំពីការប្រើប្រាស់ បច្ចេកវិទ្យា ដែលមានប្រសិទ្ធភាពជាងមុន បង្កើតភាពធន់នឹងការប្រែប្រួលអាកាសធាតុ បង្កើនភាពងាយស្រួលសម្រាប់ការចូលទៅកាន់ទីផ្សារ រួមទាំងគម្រោងជាច្រើនទៀត៕
