ព័ត៌មានជាតិ

ក្រសួងពាណិជ្ជកម្ម និងEIF ពង្រឹងសហការ សំដៅជំរុញពាណិជ្ជកម្មកម្ពុជា កាន់តែរីកចម្រើនថែមទៀត

ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា និងក្របខណ្ឌពង្រឹង សមាហរណកម្ម (EIF) បានប្តេជ្ញាចិត្តក្នុងការបន្តពង្រឹង កិច្ចសហប្រតិបត្តិការ តាមរយៈជំនួយពាណិជ្ជកម្ម សំដៅជំរុញការអភិវឌ្ឍវិស័យពាណិជ្ជកម្មកម្ពុជា ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ។

ការប្ដេជ្ញាបន្តពង្រឹកកិច្ចសហប្រតិបត្តិការនេះ ធ្វើឡើងក្នុងជំនួបរវាងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា និងលោកបណ្ឌិត Ratnakar Adhikari នាយកប្រតិបត្តិនៃក្របខណ្ឌពង្រឹង សមាហរណកម្ម (EIF) នាថ្ងៃទី២ ខែកុម្ភៈ ដើម្បីពិភាក្សាការងារលើសមិទ្ធិផលសម្រេចបានកន្លងមក និងការបន្តពង្រឹងកិច្ច សហប្រតិការក្រោមក្របខណ្ឌជំនួយ ពាណិជ្ជកម្ម និងកម្មវិធីរបស់ EIF។

ក្នុងឱកាសនោះរដ្ឋមន្រ្តី ប៉ាន សូរស័ក្ដិ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ក្របខណ្ឌពង្រឹងសមាហរណកម្មដែលតែង តែផ្តល់ការគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុដល់កម្ពុជា តាមរយៈគម្រោងនានា ដែលមានគោលដៅ អភិវឌ្ឍន៍ វិស័យពាណិជ្ជកម្មនៅកម្ពុជា។

លោករដ្ឋមន្រ្តី បានបញ្ជាក់ពីសារៈសំខាន់ នៃជំនួយពាណិជ្ជកម្ម ក្នុងការបង្កើនឱកាសពាណិជ្ជកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ច របស់ប្រទេសអភិវឌ្ឍន៍តិចតួច រួមទាំងកម្ពុជាផងដែរ។

ឆ្លៀតក្នុងឱកាសនេះ លោករដ្ឋមន្ត្រី បានរៀបរាប់អំពីសមិទ្ធិផលសំខាន់ៗ ដែលសម្រេចបានកន្លងមកក្នុង រយៈពេល ជាង១០ឆ្នាំ តាមរយៈការអនុវត្តគម្រោងដែលទទួលបាន ការគាំទ្រពីក្របខណ្ឌពង្រឹងសមាហរណកម្ម ដោយក្នុងនោះ រួមមាន៖ គម្រោង EIF Tier 1, កម្មវិធីការធ្វើពិពិធកម្ម និងពង្រីកការនាំចេញ (CEDEP I), CEDEP II, កម្មវិធីគាំទ្រដល់ និរន្តរភាព (SSP), យុទ្ធសាស្រ្តសមាហរណកម្មពាណិជ្ជកម្មកម្ពុជា (CTIS) 2019-23, យុទ្ធសាស្រ្តពាណិជ្ជកម្មតាម ប្រព័ន្ធអេឡិចត្រូនិក, និងគម្រោង Go4eCAM ដែលបាននិងកំពុងអនុវត្ត ដោយក្រសួងពាណិជ្ជកម្ម។

បន្ថែមពីលើនេះ លោករដ្ឋមន្រ្តី បានលើកឡើងអំពីសំណូមពរ លើកិច្ចការសំខាន់ៗដែលក្របខណ្ឌពង្រឹងសមាហរណកម្ម អាចចូលរួមចំណែកក្នុងការ អភិវឌ្ឍវិស័យពាណិជ្ជកម្មនៅកម្ពុជាបន្ថែមទៀត ក្នុងនោះរួមមាន ៖

ការពង្រីកវិសាលភាពនៃគម្រោង Go4eCAM , ការអភិវឌ្ឍសមត្ថភាពពាក់ព័ន្ធនឹងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក , ការធ្វើបច្ចុប្បន្នភាព ឯកសារ យុទ្ធសាស្រ្ត , សមាហរណកម្មពាណិជ្ជកម្មកម្ពុជា និងការត្រៀមចាកចេញពីឋានៈ ជាប្រទេសអភិវឌ្ឍតិចតួចរបស់កម្ពុជា ៕

To Top