នយោបាយ

ក្រសួងការបរទេសខ្មែរ ៖ ករណី ឈឹម ស៊ីថរ បានពានរង្វាន់ពីអាមេរិក មិនមែនជាមធ្យោបាយ ស្របច្បាប់ការពារខ្លួន

ភ្នំពេញ ៖ ឆ្លើយតបទៅ នឹងក្រសួងការបរទេសអាមេរិក ដែលបានសម្រេចផ្ដល់ពានរង្វាន់ ដល់បុគ្គលល្មើសច្បាប់មួយរូប នៅកម្ពុជា លោក អាន សុខខឿន អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ បានបញ្ជាក់ថា ពានរង្វាន់នេះ មិនមែនជាមធ្យោបាយស្របច្បាប់ សម្រាប់ការពារខ្លួន ក្នុងតុលាការរបស់ប្រទេសណាមួយឡើយ ។

នៅថ្ងៃ២ កុម្ភៈ ក្រសួងការបរទេសអាមេរិកបានផ្តល់ពានរង្វាន់អ្នកការពារសិទ្ធិមនុស្សសកលប្រចាំឆ្នាំឲ្យអ្នកការពារសិទ្ធិមនុស្ស១០នាក់ នៅជុំវិញពិភពលោក ក្នុងនោះក៏មាន កញ្ញា ឈឹម ស៊ីថរ ជាប្រធានសហជីព ណាហ្គាវើលដ៍ កំពុងជាប់ពន្ធនាគារព្រៃស ។ កញ្ញាគឺជាដឹកនាំធ្វើបាតុកម្មតវ៉ា នឹងការបញ្ឈប់បុគ្គលិកណាហ្គា កន្លងមក។

តាមរយៈសេចក្ដីថ្លែងការណ៍នាថ្ងៃទី២ កុម្ភៈ ដដែលនេះ អ្នកនាំពាក្យក្រសួង ការបរទេសលោក អាន សុខខឿន បានលើកឡើងពាក់ព័ន្ធ ការសម្រេចផ្តល់ ពានរង្វាន់ ដល់បុគ្គលល្មើសច្បាប់មួយរូប នៅកម្ពុជា របស់ក្រសួងការបរទេសអាមេរិកថា ពានរង្វាន់ជារឿយៗ គឺសម្រាប់ទទួល ស្គាល់បុគ្គល ដែលតស៊ូ ដើម្បីសន្តិភាព ភាពសុខដុមរមនា និងការបង្រួបបង្រួមជាតិ ការកាត់បន្ថយសព្វាវុធ ការលុបបំបាត់ការរើសអើង អំពើហិង្សា និងការស្អប់ខ្ពើមជាតិសាសន៍ ឬក៏បង្កើតស្នាដៃណាមួយសម្រាប់សង្គម ជាដើម ។ ការប្រកាស របស់ក្រសួងការបរទេស សហរដ្ឋអាមេរិក មិនតំណាងឲ្យបំណង ប្រាថ្នាពិតប្រាកដ នៃប្រជាពលរដ្ឋកម្ពុជា ភាគច្រើនទេ ព្រោះទង្វើបែបនេះគឺ ជាសារជំរុញផ្តល់កម្លាំង ដល់ក្រុមជាក់លាក់ ដែលបានត្រៀម ខ្លួនរួចជាស្រេច កេងយកប្រយោជន៍ពីស្ថានការណ៍ ដើម្បីបម្រើរបៀបវារៈលាក់ពុតរបស់ខ្លួន ដែលពួនជ្រកក្រោមស្លាកសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ។

ផ្ទាំងពាណិជ្ជកម្ម

លោកបន្តថា ចំណាត់ការផ្លូវច្បាប់ ចំពោះបុគ្គលរូបនោះ ពុំពាក់ព័ន្ធនឹងសិទ្ធិមនុស្ស ឬក៏វិវាទការងារទេ ប៉ុន្តែគឺដោយសារការបំពានជាក់ស្តែងលើបម្រាម មិនឲ្យចាកចេញពីដែនដីកម្ពុជា ខណៈកំពុងស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ។ មាត្រា ២៣០ នៃក្រមនីតិវិធីព្រហ្មទណ្ឌរបស់ម្ពុជា បានចែងថា «ប្រសិនបើជនត្រូវចោទ បានគេចវេះ ដោយចេតនា ពីកាតព្វកិច្ចត្រួតពិនិត្យ តាមផ្លូវតុលាការ ចៅក្រមស៊ើបសួរអាចសម្រេច ឲ្យឃុំខ្លួនជនត្រូវចោទ បណ្តោះអាសន្នបាន»។

អ្នកនាំពាក្យបញ្ជាក់ថា «ពានរង្វាន់នេះមិនមែនជាមធ្យោបាយ ស្របច្បាប់សម្រាប់ការពារខ្លួន នៅក្នុងតុលាការរបស់ប្រទេសណាមួយឡើយ។ មធ្យោបាយស្របច្បាប់គឺការចូលរួមក្នុងដំណើរការកាត់ក្ដី និង ផ្តល់ទឡ្ហីករណ៍ផ្លូវច្បាប់ ជាមួយភស្តុតាងរឹងមាំ ដើម្បីដោះបន្ទុកនៅក្រោមច្បាប់ និងនីតិវិធីតុលាការ របស់រដ្ឋពាក់ព័ន្ធ»

សូមបញ្ជាក់ថា កញ្ញា ឈឹម ស៊ីថរ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនលើកទី២ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ បញ្ជូនទៅពន្ធនាគារព្រៃស បន្ទាប់ពីត្រឡប់មកពីការចូលរួមកិច្ចប្រជុំ នៅអូស្ត្រាលី ក្រោយពីកញ្ញាត្រូវបានចាប់ខ្លួនលើកទី១ កាលពីដើមខែមករា ឆ្នាំ២០២២ ក្នុងពេលកញ្ញាដឹកនាំធ្វើកូដកម្ម ដោយខុសច្បាប់ ហើយត្រូវបានឃុំជាបណ្ដោះអាសន្ន ក្នុងពន្ធនាគាររយៈពេល ២ខែ តែត្រូវបានដោះលែង ឲ្យនៅក្រៅឃុំវិញ កាលពីខែមីនា ឆ្នាំ២០២២៕

To Top

ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២

SEA Game 2023