ព័ត៌មានជាតិ

លោក ឡុង ឌីម៉ង ៖ ករណីធ្វើរបងលើឆ្នេរអូឈើទាល គឺធ្វើនៅលើទីតាំងចាស់ដដែល

ភ្នំពេញ ៖ ក្រោយប្រជាពលរដ្ឋ ជាអ្នកដើរកម្សាន្ត នៅលើឆ្នេរអូឈើទាល រិះគន់ ចំពោះករណីក្រុមហ៊ុនឯកជន ធ្វើរបងរំលោភចូលចំណី ឆ្នេរសមុទ្ររួចមក លោក ឡុង ឌីម៉ង អភិបាលរង ខេត្តព្រះសីហនុបានបកស្រាយថា ការធ្វើរបងនេះ គឺធ្វើនៅលើទីតាំងចាស់ដដែលទេ អត់បានរំលោភចូលចំណីដី សាធារណៈដែលជាចំណីឆ្នេរសមុទ្រទេ ។

លោក ឡុង ឌីម៉ង បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នាថ្ងៃ៣ កុម្ភៈថា ទីតាំងធ្វើរបងនេះ គឺជាអតីតទីតាំង វរនគរបាលការពារព្រំដែនទឹក មានតាំងឆ្នាំ១៩៧៩មកម៉្លេះ ដែលមានរបងព័ទ្ធជុំវិញ មិនមែនជាទីតាំងសាធារណៈ ។ លោកថា ក្រោយការប្តូរទីតាំង នៃវរនគរបាលការពារព្រំដែនទឹកមក ក្រុមហ៊ុនឯកជន ក៏បានទទួលយកសម្រាប់ធ្វើការវិនិយោគ ហើយក៏បានកាន់កាប់រហូតមក ។

លោកឲ្យដឹងទៀតថា ដីនេះមានអនុក្រឹត្យ សម្រាប់ធ្វើអនុប្បយោគ និងបានចេញប័ណ្ណកម្មសិទ្ធិ ស្របច្បាប់រួចមកហើយ។

លោកអភិបាលរងខេត្តបញ្ជាក់ថា “របងនេះ ដូចជាមានការ បាក់បែកមួយចំនួន ដោយសារខ្យល់ព្យុះ ភ្លៀង…ក្រោយមកទៀត គេក៏បានធ្វើរបងព័ទ្ធ ទៅតាមដីដែលគេទទួលបានកម្មសិទ្ធិ ដែលគេបានទទួលសិទ្ធិរួចហើយ”។

លោក ឡុង ឌីម៉ង បន្តថា ទីតាំងដីខាងលើនេះ មិនមែនជាទីតាំងដីសាធារណៈទេ ហើយពលរដ្ឋក៏មិនអាចចូលទៅបានដែរ ព្រោះជាអតីតវរនគរបាល ការពារព្រំដែនទឹក ។
ចំពោះសំណួរថា តើអាចប៉ះពាល់ដល់ពលរដ្ឋដើរកម្សាន្តទេ លោកតបថា មិនប៉ះពាល់នោះទេ ព្រោះជាកម្មសិទ្ធិឯកជន ។
លោកបានសង្កត់ធ្ងន់ទៀតថា “ជាទីតាំងបិទជិតតាំងពីអើយ (យូរមកហើយ)មក” ៕

To Top