ព័ត៌មានជាតិ

លោក ឃ្លាំង ហួត ប្រកាសរឹតបន្តឹង លើគុណភាពសំណង់របស់ក្រុមហ៊ុន និងបុរីនានា នៅភ្នំពេញ

ភ្នំពេញ៖ ក្រោយ​ទទួលបានការសាទរពីប្រជាពលរដ្ឋ ជុំវិញវិធានការ ឆែកឆេរពិនិត្យលើច្បាប់ ស្តីពីទីតាំងបញ្ចាំនៅរាជធានីភ្នំពេញនៅពេលនេះ លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញបានប្រកាសនូវវិធានការថ្មីមួយទៀត ដោយនឹងចុះរឹតបន្តឹងគុណភាពសំណងនានា ជាពិសេសលំនៅឋានក្នុងបុរី ។

ក្នុងវីដេអូឃ្លីបមួយ ដែលបង្ហាញពីសកម្មភាព របស់លោក ឃ្លាំង ហួត កំពុងបំពេញភារកិច្ច នាពេលថ្មីៗនេះ លោកបានលើកឡើងថា អ្នកសាងសង់គួរណាអាណិត ដល់ពលរដ្ឋដែលមានលទ្ធភាពតិចតួច ខិតខំសន្សំប្រាក់ បង់រំលស់ផ្ទះ នៅតាមបុរី សម្រាប់ស្នាក់នៅ ប៉ុន្តែតាមការអង្កេតរបស់លោក ឃើញថា សំណង់មួយចំនួន មានគុណភាពមិនល្អ បង្កឲ្យខាតបង់ប្រាក់កាក់ពលរដ្ឋ ក្នុងការជួសជុល ដោយសារតែគុណភាពសំណងមិនត្រឹមត្រូវតាមស្តង់ដារ ដោយកត្តាចង់ចំណេញច្រើនហួស របស់អ្នកសាងសង់។

ក្នុងនោះ លោក ឃ្លាំង ហួត មានប្រសាសន៍ថា “គុណភាពជារឿងចំបង អីចឹងពីម៉ោងនេះទៅខ្ញុំសូមប្រកាសហើយ ពីរឿងសំណង់ ខ្ញុំនឹងរឹតបន្តឹងពីរឿងសំណង់ ទូទាំងរាជធានីភ្នំពេញ ហើយខ្ញុំជឿជាក់ថា ពូឧប​នាយករដ្ឋមន្ត្រី​ជាសុផារ៉ា លឺក៏សប្បាយចិត្តដែរ ព្រោះយើងធ្វើនេះមិនមែនគោះទឹកផ្អើលត្រី ដាក់លបនោះទេ (លោកចង់បញ្ជាក់ថា គោះលុយពីគេ) ។

លោកអះអាងថា “ក្នុងនាមតួនាទីភារកិច្ច ខ្ញុំត្រូវតែអនុវត្ត ព្រោះច្បាប់សំណង់ស្អីៗ មានអស់ហើយ ទោះបីមិនបាន ១០០% ក៏ជាការចាប់ផ្តើមមួយដែរ”។

ឆ្លៀងក្នុងឱកាសនោះ លោក ឃ្លាំង ហួត ក៏បានក្រើនរំលឹក អំពីការស្នើច្បាប់នានា ជុំវិញការសាងសង់អ្វីមួយ សុំឲ្យពលរដ្ឋឈប់ កុំពឹងឲ្យនរណាម្នាក់រត់ការឲ្យទៀត ព្រោះសាលារាជធានីភ្នំពេញ មានច្រកចេញចូលតែមួយ សម្រាប់ឲ្យប្រជាពលរដ្ឋគ្រប់រូប ដាក់ពាក្យស្នើសុំ និងសាកសួរព័ត៌មានប្រចាំការជាប់ រាល់ម៉ោងរដ្ឋបាល៕

To Top