ភ្នំពេញ៖ លោក Heinrich Schellenberg រដ្ឋលេខាធិការក្រសួងកាបរទេសស្វីស ទទួលបន្ទុកកិច្ចការអាស៊ី និងប៉ាស៊ីហ្វិក បានលើកឡើងថា ស្វីសមានការប្ដេជ្ញាចិត្ត ក្នុងការបន្តធ្វើការងារជាមួយនឹងភាគីពាក់ព័ន្ធ ទាំងភាគីក្នុងរដ្ឋាភិបាល ក៏ដូចជាខាងអង្គការមិនមែនរដ្ឋាភិបាល ដើម្បីរួមគ្នាបង្កើននូវភាពជាដៃគូ ចូលរួមចំណែកលើគ្រប់វិស័យ ពាក់ព័ន្ធទាំងការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ក្នុងគោលដៅរួមចំណែក ដល់ការអភិវឌ្ឍសង្គមជាតិកម្ពុជា ។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសលោករដ្ឋលេខាធិការ ក្រសួងកាបរទេសស្វីស និងលោក Pedro ZHAHLEN អគ្គរដ្ឋទូតស្វីស ទើបតែងតាំងថ្មី ចូលជួបសម្ដែងការគួរសម ជាមួយសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ នៅវិមានសន្តិភាព ។
ក្នុងឱកាសនោះដែរសម្តេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណចំពោះការគាំទ្រនានា ដែលរដ្ឋាភិបាលស្វីស បានផ្តល់ដល់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងមហាផ្ទៃ ដែលក្នុងនោះក៏មានការ សូមផ្ដល់នូវការគាំទ្រផ្នែកសិក្សា និងផ្តល់យោបល់ទៅលើការ ធ្វើវិសោធនកម្មច្បាប់ ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលផងដែរ ។
សម្ដេចក្រឡាហោម ក៏បានរំឭកអំពីដំណើរទស្សនកិច្ច របស់សម្ដេចទៅសហព័ន្ធស្វ៊ីស កាលពីឆ្នាំ២០១៦កន្លងទៅ ដែលក្នុងឱកាសនោះ សម្តេចបានទទួលបទពិសោធន៍ ក៏ដូចជាទស្សនៈល្អៗដែលជាមេរៀន សម្រាប់កម្ពុជាក្នុងការបន្តជំរុញ ដល់ការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលរាជរដ្ឋាភិបាលកំពុងតែ យកចិត្តទុកដាក់អនុវត្តដល់សព្វថ្ងៃ ។
ជាការឆ្លើយតប រដ្ឋលេខាធិការក្រសួងការបរទេសស្វីស បានជម្រាបជូនសម្ដេចអំពី គម្រោងនានាមួយចំនួនដែលរដ្ឋាភិបាលស្វីស បាននិងកំពុងតែអនុវត្តជាមួយ នឹងបណ្ដាស្ថាប័នពាក់ព័ន្ធ របស់រាជរដ្ឋាភិបាលកម្ពុជា ទាំងគម្រោងទ្វេភាគីក៏ដូចជា គម្រោងដែលអនុវត្តនៅក្នុងក្របខ័ណ្ឌមេគង្គ។
ចំពោះក្រុមការងារពាក់ព័ន្ធទៅនឹង ការធ្វើវិសោធនកម្ម ច្បាប់ NOs លោករដ្ឋលេខាធិការបានជម្រាបជូនសម្ដេចថា «ស្វីសមានការប្ដេជ្ញាចិត្តក្នុងការ បន្តធ្វើការងារជាមួយនឹងភាគីពាក់ព័ន្ធ ទាំងភាគីក្នុងរដ្ឋាភិបាល ក៏ដូចជាខាងអង្គការមិនមែនរដ្ឋាភិបាល ដើម្បីរួមគ្នាបង្កើននូវភាពជាដៃគូ ចូលរួមចំណែកលើគ្រប់វិស័យ ពាក់ព័ន្ធទាំងការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនេះ ក៏ដូចជាកិច្ចការផ្សេងផ្សេងទៀត ដើម្បីក្នុងគោលដៅរួមចំណែកដល់ ការអភិវឌ្ឍសង្គមជាតិរបស់កម្ពុជា» ។
ជាការឆ្លើយតបពាក់ព័ន្ធទៅនឹង ការគាំទ្ររបស់រដ្ឋាភិបាល និងប្រជាជនស្វីស ចំពោះរដ្ឋាភិបាល ក៏ដូចជាប្រជាជនកម្ពុជា សម្ដេចក្រឡាហោម បានគូសបញ្ជាក់ថា បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជាកំពុងតែ យកចិត្តទុកដាក់អនុវត្តផែនការជាតិ ដំណាក់កាលទី២ ពាក់ព័ន្ធទៅនឹងការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ចាប់ពីឆ្នាំ២០២១-២០៣០ ហើយនៅក្នុងដំណាក់កាលនេះ រាជរដ្ឋាភិបាលកម្ពុជាបន្តពិនិត្យ និងផ្ទេរសិទ្ធិអំណាច ធនធាន ទាំងធនធានមនុស្ស និងធនធានថវិកាទៅដល់ថ្នាក់ក្រោមជាតិ ដើម្បីខិតខំធ្វើយ៉ាងណា បង្កើនសមត្ថភាពថ្នាក់ក្រោមជាតិ ក្នុងការទទួលបន្ទុកភារកិច្ច ដែលថ្នាក់ជាតិប្រគល់ជូន សំដៅបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យកាន់តែប្រសិទ្ធភាពខ្ពស់។
ក្រៅពីនេះ សម្ដេចក្រឡាហោម និងរដ្ឋលេខាធិការក្រសួងការបរទេសស្វីស ក៏បានពិភាក្សាផ្លាស់ប្ដូរយោបល់ ទៅវិញទៅមកលើការងារ មួយចំនួនទៀត ក្នុងនោះរួមមានការត្រៀមលក្ខណៈសម្រាប់ដំណើរឆ្ពោះទៅការបោះឆ្នោតជាតិ ឆ្នាំ២០២៣ ការបន្តពង្រឹងការកសាងភាពជាដៃគូ រវាងអង្គការមិនមែនរដ្ឋាភិបាល ជាមួយនឹងរដ្ឋាភិបាល និងការប្រយុទ្ធប្រឆាំងទៅនឹងឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសអំពើជួញដូរ មនុស្សបទល្មើសគ្រឿងញៀន និងបទល្មើសប្រឆាំងទៅនឹងការសម្អាតប្រាក់ ៕