ព័ត៌មានជាតិ

កម្ពុជា-ចិន ឯកភាពគ្នា រៀបចំផែនការ សកម្មភាព ជំរុញលំហូរទេសចរ រវាងប្រទេសទាំងពីរ

ភ្នំពេញ ៖ ឧត្តមមន្រ្តីទេសចរណ៍ កម្ពុជា-ចិន បានឯកភាពគ្នា រៀបចំផែនការសកម្មភាព ជំរុញលំហូរទេសចរ រវាងប្រទេសទាំងពីរ ខណៈភាគីទាំងពីរ ក៏ព្រមព្រៀងរៀបចំផែនការ សកម្មភាពលម្អិត នៃកិច្ចសហប្រតិបត្តិការទេសចរណ៍រួមផងដែរ ។ នេះបើយោងតាមគេហទំព័រ ហ្វេសប៊ុក ក្រសួងទេសចរណ៍។

ឆ្លៀតឱកាស នៃការចូលរួមវេទិកាទេសចរណ៍ អាស៊ាន២០២៣ លោក ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និង សហប្រតិបត្តិការអន្តរជាតិ និងជាឧត្តមមន្រ្តីទេសចរណ៍ បានដឹកនាំមន្រ្តីជំនាញ ជួបប្រជុំទ្វេភាគីជាមួយ លោក Shi Zeyi អគ្គនាយកក្រសួងវប្បធម៌ និង ទេសចរណ៍ចិន និងគណៈប្រតិភូ នៅប្រទេស ឥណ្ឌូណេស៊ី នាថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ ខណៈភាគីទាំងពីរ បានព្រមព្រៀងគ្នាក្នុងការរៀបចំផែនការ សកម្មភាព ដើម្បីជំរុញលំហូរទេសចរ រវាងប្រទេសទាំងពីរ ដូចជា ៖ គិតគូររៀបចំកម្មវិធី សម្តែងសិល្បៈរួម ដើម្បីផ្សព្វផ្សាយគោលដៅ ទេសចរណ៍ដល់ពលរដ្ឋ ប្រទេសទាំងពីរបន្ថែមទៀត ក៏ដូចជាចូលរួមអបអរសាទរ ខួបគម្រប់៦៥ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-ចិន។

លើសពីនេះ ភាគីទាំងពីរ ក៏ជំរុញជើងហោះត្រង់បន្ថែមទៀត ពីគោលដៅទីផ្សារចិន មកកាន់អាកាសយានដ្ឋាន អន្តរជាតិទាំង៣ របស់កម្ពុជា និងពីកម្ពុជាទៅចិន, រៀបចំដំណើរ ទស្សនកិច្ចស្វែងយល់ (Fam-Trip) សម្រាប់ផ្នែកឯកជន និងសារព័ត៌មាន ទៅកាន់ប្រទេសទាំងពីរ, ជំរុញការអភិវឌ្ឍ ធនធានមនុស្ស ក្នុងវិស័យទេសចរណ៍, គាំទ្រដល់ការអនុវត្តសៀវភៅសស្តីពី China Ready ទេសចរណ៍កម្ពុជា និងការបង្កើតមជ្ឈមណ្ឌល ទ្រទ្រង់ China Ready, ជំរុញការរៀបចំវេទិកាធុរកិច្ច ទេសចរណ៍ក្នុងប្រទេសទាំងពីរ។

នាឱកាសនោះ កម្ពុជា-ចិន ក៏ព្រមព្រៀងរៀបចំផែនការ សកម្មភាពលម្អិត នៃកិច្ចសហប្រតិបត្តិការទេសចរណ៍រួមកម្ពុជា-ចិន ឆ្នាំ២០២៣-២០២៨ ដែលនឹងចុះហត្ថលេខា ដោយថ្នាក់ដឹកនាំទេសចរណ៍ នៃប្រទេសទាំងពីរ នៅពេលណាមួយសមស្រប នៅក្នុងប្រទេសកម្ពុជា ឬប្រទេសចិន ឬអំឡុងព្រឹត្តិការណ៍ទេសចរណ៍ អន្តរជាតិណាមួយដែលភាគីពីរ ស្របតាមអនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ ទេសចរណ៍រវាងប្រទេសទាំងពីរ ដែលបានចុះហត្ថលេខា កាលពីឆ្នាំ២០១៦ ៕

To Top