ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជួន ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តី នៃក្រសួង មន្ទីរសាធារណការ និងដឹកជញ្ជូន នៅទូទាំងប្រទេស បានផ្ញើរ សារលិខិតចូលរួមរំលែកមរណទុក្ខ គោរពជូន ឯកឧត្តម តាន់ បញ្ញាវុធ ព្រមទាំងក្រុមគ្រួសារញាតិមិត្ត ជាទីគោរពរាប់អានដ៏ជ្រាលជ្រៅ ចំពោះការបាត់បង់ លោកជំទាវ ប៊ុន សុថា ហៅ ប៊ុន សាមហ៊ឹង ត្រូវជាឧត្តមភរិយា និងជាប្អូនបង្កើត ប្អូនថ្លៃ ជាមាតា មាតាក្មេក និងជីដូន ជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅ និងប្រកបដោយព្រហ្មវិហារធម៌ដ៏ថ្លៃថ្លាជាទីបំផុត។
ក្នុងសារលិខិតលោក ស៊ុន ចាន់ថុល និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងបុគ្គលិកមន្ត្រីរាជការនៃក្រសួងសាធារណការ និងដឹកជញ្ជូន មានក្តីរន្ធត់ក្ដុកក្ដួលរំជួលចិត្តឥតឧបមា ក្រោយពីបានទទួលដំណឹងថា លោកជំទាវ ប៊ុន សុថា ហៅ ប៊ុន សាមហ្នឹង ត្រូវជាឧត្តមភរិយារបស់ ឯកឧត្តម បានទទួលមរណភាពនាថ្ងៃសុក្រ ១៣កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ១៨:១៣នាទី ក្នុងជន្មាយុ៦៧ឆ្នាំ ដោយរោគាពាធ។
ស្ថិតក្នុងបរិយាកាសដ៏សែនក្រៀមក្រំនេះ យើងខ្ញុំសូមចូលរួមរំលែកមរណទុក្ខជាមួយ ឯកឧត្តម ព្រមទាំងក្រុមគ្រួសារញាតិមិត្ត ចំពោះការបាត់បង់នូវឧត្តមភរិយា និងជាប្អូនបង្កើត ប្អូនថ្លៃ ជាមាតា មាតាក្មេក និងជីដូន ទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត និងប្រកបដោយព្រហ្មវិហារធម៌ដ៏ថ្លៃថ្លា ដែល កន្លងមក លោកជំទាវ បានតស៊ូចិញ្ចឹមបីបាច់ថែរក្សា និងអប់រំទូន្មានបុត្រធីតារហូតក្លាយជាបញ្ញវន្ត និងធនធានដ៏មានតម្លៃសម្រាប់សង្គមជាតិ។ លើសពីនេះ មរណភាពរបស់ លោកជំទាវ គឺជាការបាត់បង់ ដ៏ធំធេងនូវធនធានដ៏មានតម្លៃរបស់សង្គមជាតិ ដែល លោកជំទាវ ធ្លាប់បានចូលរួមចំណែកក្នុងការអភិវឌ្ឍ ជាតិមាតុភូមិកម្ពុជាឱ្យទទួលបានការរីកចម្រើន។
ខ្ញុំនិងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងបុគ្គលិកមន្ត្រីរាជការនៃក្រសួងសាធារណការ និងដឹកជញ្ជូន សូមលំឱនកាយឧទ្ទិសបួងសួងសូមឱ្យដួងវិញ្ញាណក្ខន្ធ លោកជំទាវ ប៊ុន សុថា ហៅ ប៊ុន សាមហ្នឹង បានបដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕