ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញចូលជួប សម្តែងការគួរសម ជាមួយ ទីប្រឹក្សារងសន្តិសុខជាតិ ឥណ្ឌា

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នារសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញចូលជួបសម្តែងការគួរសម ជាមួយនឹងលោក វីក្រម មីស្រ៊ី (Vikram Misri) ទីប្រឹក្សារងសន្តិសុខជាតិនៃសាធារណរដ្ឋឥណ្ឌា ក្នុងឱកាសដែលលោកឧត្តមសេនីយ៍ កំពុងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅរដ្ឋធានីញ៉ូដេលី សាធារណរដ្ឋឥណ្ឌា។

ក្នុងជំនួបនេះ លោក វីក្រម មីស្រ៊ី បានសម្តែងក្តីរីករាយស្វាគមន៍ចំពោះ ការមកដល់ប្រទេសឥណ្ឌា របស់គណៈប្រតិភូកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ដែលជាផ្នែកមួយនៃសកម្មភាពផ្លាស់ប្តូរទស្សនកិច្ច ថ្នាក់ដឹកនាំជាន់ខ្ពស់រវាងប្រទេសទាំងពីរ ដើម្បីអបអរសាទរខួបលើកទី៧០ នៃការបង្កើតចំណងការទូតផ្លូវការ នៅក្នុងឆ្នាំ១៩៥២។

លោក ទីប្រឹក្សារងសន្តិសុខជាតិឥណ្ឌា បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន ជាលំដាប់នៃទំនាក់ទំនងរវាងប្រទេស និងប្រជាជនទាំងពីរ និងបានបញ្ជាក់ផងដែរអំពីការគាំទ្រ របស់ប្រទេសឥណ្ឌាចំពោះទិសដៅនៃការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី និងការផ្សារភ្ជាប់ទំនាក់ទំនង ឱ្យកាន់តែជិតស្និទ្ធក្នុងវិស័យសេដ្ឋកិច្ច, វប្បធម៌, បច្ចេកវិទ្យាឌីជីថល និងការពារជាតិ។

ជាការឆ្លើយតប ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះការឧបត្ថម្ភគាំទ្រ របស់ប្រទេសឥណ្ឌា ក្នុងរយៈកាលកន្លងមក ជាពិសេសក្នុងគ្រាលំបាក ដែលពិតជាបានឆ្លុះបញ្ចាំងអំពីមិត្តភាពដ៏ស្មោះត្រង់ដោយមិនអាចបំភ្លេចបាន។

លោកឧត្តមសេនីយ៍ ក៏បានបង្ហាញនូវក្តីរីករាយ ចំពោះការគាំទ្ររបស់ ទីប្រឹក្សារងសន្តិសុខជាតិ លើការលើកកម្ពស់កិច្ចសហប្រតិបត្តិការ ផ្នែកយោធារវាងប្រទេសទាំងពីរ ជានិយាយជារួម និងនិយាយដោយឡែកក្នុងកម្រិតកងទ័ពជើងគោក ដែលកំពុងមានវឌ្ឍនភាពជឿនលឿន តាមរយៈការសម្រេចបាននូវការចុះហត្ថលេខា លើឯកសារលក្ខខណ្ឌ ស្តីពីកិច្ចសហប្រតិបត្តិការ (TOR) រវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ។

To Top