ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ អគ្គលេខាធិការក្រសួងការពារជាតិ ឥណ្ឌា

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកជីរីដា អារ៉ាម៉ានី (Giridhar Aramane) អគ្គលេខាធិការនៃក្រសួងការពារជាតិឥណ្ឌា ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការនៅរដ្ឋធានីញ៉ូដេលី សាធារណរដ្ឋឥណ្ឌា។

ក្នុងជំនួបនេះ លោក ជីរីដា អារ៉ាម៉ានី បានសម្តែងនូវការស្វាគមន៍ ចំពោះដំណើរទស្សនកិច្ច របស់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងគណៈប្រតិភូ មកកាន់ប្រទេសឥណ្ឌា ស្របពេលដែលចំណងមិត្តភាពជាប្រពៃណីកម្ពុជា-ឥណ្ឌា បានរក្សានូវការផ្សារភ្ជាប់យ៉ាងជិតស្និទ្ធ ហើយទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគី លើគ្រប់វិស័យក៏កំពុងមានវឌ្ឍនភាពរីកចម្រើន ជាលំដាប់គួរឱ្យកត់សម្គាល់ ជាពិសេសទំនាក់ទំនងផ្នែកវប្បធម៌ សេដ្ឋកិច្ច និងបន្តរហូតមកដល់ផ្នែកយោធា។

ជាការឆ្លើយតប ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណ ចំពោះបដិសណ្ឋារកិច្ចស្វាគមន៍ យ៉ាងកក់ក្តៅ ដែលបានផ្តល់ជូនគណៈប្រតិភូ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ដែលពិតជាបានស្តែង ឱ្យឃើញអំពីឆន្ទៈ និងការប្តេជ្ញាចិត្តរួមគ្នាក្នុងការបន្តថែរក្សា ចំណងមិត្តភាព និងជំរុញកិច្ចសហប្រតិបត្តិការ ឱ្យបានជិតស្និទ្ធ និងមានកម្រិតខ្ពស់ឡើង ដើម្បីរួមចំណែកក្នុងការពង្រឹងទំនាក់ទំនង រវាងប្រទេស និងប្រជាជនទាំងពីរ កម្ពុជា-ឥណ្ឌា ឱ្យកាន់តែរឹងមាំ និងយូរអង្វែង។

ក្នុងឱកាសនោះផងដែរ ឧត្តមសេនីយ៍ឯក មេបញ្ជាការកងទ័ពជើងគោកកម្ពុជា និងលោកអគ្គលេខាធិការក្រសួងការពារជាតិ ឥណ្ឌា ក៏បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង យោធាទ្វេភាគី ដែលបានបោះជំហានរីកចម្រើនទៅមុខ ដោយសម្រេចបាននូវលទ្ធផល ផ្លែផ្កាជាច្រើន គួរជាទីមោទនៈ ហើយក៏បានបង្កលក្ខណៈ ដល់ការផ្សារភ្ជាប់ទំនាក់ទំនង កាន់តែប្រសើរ និងមានកម្រិតខ្ពស់ឡើងរវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរផងដែរ ដូចដែលស្តើងឡើងតាមរយៈគម្រោង នៃការចុះហត្ថលេខា លើឯកសារលក្ខខណ្ឌស្តីពី កិច្ចសហប្រតិបត្តិការ រវាងកងទ័ពជើងគោកទាំងពីរ ក្នុងក្របខ័ណ្ឌ នៃដំណើរទស្សនកិច្ចនេះ។

ក្រៅពីនេះ ថ្នាក់ដឹកនាំទាំងពីរ ក៏បានផ្លាស់ប្តូរមតិលើបញ្ហាតំបន់ និងអន្តរជាតិមួយចំនួន ដោយបានគូសបញ្ជាក់អំពីសារៈសំខាន់ នៃការកសាងទំនុកចិត្ត ទៅវិញទៅមក ព្រមជាមួយនឹងសុឆន្ទៈ នៃការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី សំដៅធានាបាននូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ដែលជាគោលបំណងរួម។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត គឺជាដំណើរទស្សនកិច្ចផ្លូវការ ដំបូងបង្អស់ របស់មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ទៅកាន់សាធារណរដ្ឋឥណ្ឌា ក្រោមគំនិតផ្តួចផ្តើមរបស់ អនុប្រធានាធិបតីឥណ្ឌា និង នាយករដ្ឋមន្ត្រីឥណ្ឌា ក្នុងជំនួបពិភាក្សាជាមួយនឹង សម្តេចតេជោ ហ៊ុន សែន ក្នុងឆ្នាំ២០២២ កន្លងទៅ ដើម្បីជាការអបអរសាទរខួបលើកទី៧០ នៃការបង្កើតចំណងការទូតផ្លូវការ រវាងប្រទេសទាំងពីរ ៕

To Top