ព័ត៌មានជាតិ

អភិបាលរងខេត្តពោធិ៍សាត់ កំពុងប្រជុំជាមួយតំណាង ហែរធម្មយាត្រា របស់សមាគមគ្រូបង្រៀន

ភ្នំពេញ ៖ ក្រោយមានការចាត់តាំងពីលោក ខូយ រីដាអភិបាលខេត្តពោធិ៍សាត់ អភិបាលរងខេត្តមួយរូប កំពុងជួបប្រជុំជាមួយតំណាង អ្នកហែរធម្មយាត្រារបស់សមាគមគ្រូបង្រៀនកម្ពុជា ដែលដឹកនាំដោយ លោក រ៉ុង ឈុន ក្រោយពួកគាត់បានហែរក្បួន ដល់ខេត្តពោធិ៍សាត់ ជាទីកន្លែងគោលដៅ។

លោក ខូយ រីដា បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នាថ្ងៃ៦ កុម្ភៈថា មានការជួបប្រជុំជាមួយពួកគាត់ជាមុនសិន មុនពួកគាត់ទៅដល់គោលដៅ (រូបលោកតាឃ្លាំងមឿង) ដើម្បីប្រាប់អំពីវិធានការណ៍ផ្សេងៗ តាមការណែនាំរបស់ក្រសួងមហាផ្ទៃ ទោះក្រសួងអនុញ្ញាតឲ្យត្រឹម៥០នាក់ក៏ដោយ ។ លោកថា “អភិបាលរងខេត្តកំពុងជួបប្រជុំ ជាមួយពួកគាត់”។

លោកបន្តថា តាមការមើលជាក់ស្តែងពួកគាត់ អាចជួបជុំជាមួយក្រុមគាត់មកពីខេត្តផ្សេងទៀត នៅកន្លែងរូបសំណាក់លោកតាឃ្លាំងមឿង ។

សូមបញ្ជាក់ថា ក្បួនធម្មយាត្រាដោយថ្មើជើងស្តីពី «សីលធម៌សង្គម» ក្នុងគោលបំណងលើកកម្ពស់ សីលធម៌សង្គម និងឲ្យមនុស្សគ្រប់រូប មិនថា អ្នកតូច ឬអ្នកមានតួនាទី ត្រូវមានសីលធម៌រស់ នៅក្នុងសង្គម ដឹកនាំដោយសមាគមគ្រូបង្រៀនកម្ពុជា បានចេញដំណើរពីរូបសំណាក់ លោកយាយពេញ រាជធានីភ្នំពេញ កាលពីថ្ងៃ១កុម្ភៈ ដោយបានឆ្លងកាត់ខេត្តកណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង ឆ្ពោះទៅខេត្តពោធិ៍សាត់។

គោលបំណងរបស់ពួកគាត់ ហែរទៅរូបសំណាក់ លោកតាឃ្លាំងមឿង ហើយបើតាមគម្រោងនឹងទៅដល់ទីកន្លែងកំណត់នាថ្ងៃ៧ កុម្ភៈស្អែកនេះហើយ ។ ពួកគេជ្រើសយកកន្លែងរូបសំណាក់ លោកតាឃ្លាំងមឿង ដោយសារជឿជាក់ថា ជាកន្លែងសាក់សិទ្ធិ៕

To Top