នយោបាយ

ក្រសួង ការបរទេសខ្មែរ ស្រាយបំភ្លឺ ក្រោយមានការផ្សាយថា កម្ពុជា ស្វែងរកជំនួយបន្ថែមពីចិន ខណៈព្រួយបារម្ភ ពីអន្ទាក់បំណុល

ភ្នំពេញ ៖ លោក អាន សុខខឿន អ្នកនាំពាក្យក្រសួង ការបរទេសកម្ពុជា បានចេញមកបកស្រាយបំភ្លឺ ៣ចំណុចចំខាន់ៗ ចំពោះការផ្សាយ របស់បរទេសផ្សាយ ជាខេមរភាសា កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣ ។

ការបកស្រាយ ក៏ដូចជាបញ្ចេញប្រតិកម្មនេះ ក្រោយពីវិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA)ផ្សាយអត្ថបទមួយក្រោមចំណងជើងថា “កម្ពុជាស្វែងរកជំនួយបន្ថែមពីចិន ខណៈមានការព្រួយបារម្ភ អំពី «អន្ទាក់បំណុល»” ។
ដោយមើលឃើញបែបនេះ លោកអ្នកនាំពាក្យក្រសួង ការបរទេសថ្លែងថា អត្ថបទនេះផ្សាយព័ត៌មាន ខុសពីការពិត និងបំភាន់សាធារណជន ក្រោមហេតុផលនយោបាយ ។

អ្នកនាំពាក្យ ក៏បានធ្វើការបកស្រាយបំភ្លឺចំនួន៣ ចំណុចសំខាន់ៗដូចខាងក្រោម៖

១.ការថ្លែងថា ទស្សនកិច្ចនៅប្រទេសចិន របស់សម្តេចតេជោ ហ៊ុន សែន នៅសប្តាហ៍ក្រោយធ្វើឡើង “ដោយសំឡឹងមើលកម្ចី….ដើម្បីសាងសង់ផ្លូវរថភ្លើងល្បឿនលឿន…..” គឺជាព័ត៌មានខុសពីការពិត។ ការពិតគឺ គម្រោងនេះនឹងមិនត្រូវគាំទ្រដោយប្រាក់កម្ចីទេ។ គម្រោង នេះគឺបើកផ្លូវជូនដល់ការវិនិយោគ ក្នុងរូបភាព BOT (Build, Operate and Transfer)។

២.របាយការណ៍របស់ VOA មិនត្រឹមតែពុំមានលក្ខណៈវិជ្ជាជីវៈទេ គឺថែមទាំងបំភាន់សាធារណមតិ ដើម្បីបម្រើនយោបាយ។ ពុំមានលក្ខណៈវិជ្ជាជីវៈ ព្រោះអ្នករាយការណ៍ VOA ពុំបានផ្ទៀងផ្ទាត់ ប្រភពព័ត៌មានរបស់ខ្លួន ។ នេះគឺជាឧទាហរណ៍មួយ ក្នុងចំណោម ឧទាហរណ៍ជាច្រើនទៀត ដែលបង្ហាញពីគុណភាព ទាបរបស់អ្នកសារព័ត៌មាន VOA ។

បំភាន់សាធារណមតិ ក្រោមហេតុផលនយោបាយ ព្រោះអត្ថបទនេះសរសេរឡើង ដោយមានចេតនា តែម្តង ។ កន្លងមក សម្តេចតេជោ និងរដ្ឋមន្ត្រីផ្សេងៗ បានផ្តល់ការពន្យល់ជាច្រើនលើក ច្រើនសារចំពោះគម្រោងនេះ ។ រាជរដ្ឋាភិបាលពុំមានបំណងខ្ចីប្រាក់ ពីបរទេសឱ្យច្រើនលើសលុបទេ។ រាជរដ្ឋាភិបាលមានភាពម៉ឺងម៉ាត់ ក្នុងការគ្រប់គ្រងបំណុលបរទេស និងផ្តល់អាទិភាពសម្រាប់តែ គម្រោងហេដ្ឋារចនាសម្ព័ន្ធ ដែលបន្ទាន់និងចាំបាច់ ដូចជាផ្លូវថ្នល់។ អ្នកសារព័ត៌មាន VOA បានព្រងើយកន្តើយ ដោយចេតនា ចំពោះការពន្យល់ទាំងអស់នោះ និងបន្តប្រើប្រាស់ នយោបាយកខ្វក់ (dirty politics) ចំពោះ ទំនាក់ទំនងកម្ពុជា-ចិន ។

៣.កម្ពុជាសូមស្វាគមន៍ រាល់ការវិនិយោគលើគម្រោងនេះ ក្នុងរូបភាពជា BOT (Build, Operate and Transfer) ។

សូមបញ្ជាក់ថា VOA បានផ្សាយអត្ថបទមួយរបស់ខ្លួនថា “នាយករដ្ឋមន្រ្តីកម្ពុជាសម្តេច ហ៊ុន សែន នឹងធ្វើដំណើរទៅប្រទេសចិន នៅសប្តាហ៍ក្រោយ ដោយសំឡឹងមើល កម្ចីទឹកប្រាក់ជាង៤.០០០លានដុល្លារអាមេរិក ដើម្បីសាងសង់ផ្លូវរថភ្លើងល្បឿនលឿន ដែលភ្ជាប់ពី ទីក្រុងភ្នំពេញ ទៅកាន់ទីក្រុងប៉ោយប៉ែត នៃខេត្តបន្ទាយមានជ័យជាប់ព្រំដែនប្រទេសថៃ ដែលជាតំបន់រីកចម្រើន សេដ្ឋកិច្ច និងកាស៊ីណូ” ។ កិច្ចព្រមព្រៀង នេះនឹងក្លាយជានិមិត្តសញ្ញាថ្មីបំផុតមួយទៀត នៃទំនាក់ទំនងមិត្តភាព«ដែកថែប» រវាងប្រទេសទាំងពីរ ដែលអ្នកតាមដានបារម្ភអំពីកំណើន នៃការពឹងផ្អែក របស់កម្ពុជា ទៅលើទឹកប្រាក់របស់ប្រទេសចិន ដែលអាចនាំទៅធ្លាក់ចូល«អន្ទាក់បំណុល» និង មានផលវិបាកផ្នែកសេដ្ឋកិច្ច និងឥទ្ធិពលភូមិសាស្រ្ត នយោបាយរយៈពេលវែង។ រដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលកំពុងមានជម្លោះ ជាសាកលជាមួយប្រទេសចិន បានព្រមានប្រទេសនានា ប្រឆាំងនឹងការខ្ចីបំណុលយ៉ាងច្រើនសម្បើម ក្រោមយុទ្ធសាស្ត្រហេដ្ឋារចនាសម្ព័ន្ធ នៃគម្រោង BRI របស់ប្រទេសចិន។ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន និយាយថា គំនិតផ្តួចផ្តើម BRI គឺជាអន្ទាក់បំណុល និង អាចនាំឲ្យប្រទេសទាំងនោះ បាត់បង់ការគ្រប់គ្រង ទៅលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដែលដាក់ជាទ្រព្យបញ្ចាំ ដោយលើកឡើងករណី នៅប្រទេសស្រីលង្កា ដែលធ្លាក់ក្នុងអន្ទាក់ នៅពេលរដ្ឋាភិបាល ទីក្រុងប៉េកាំងគ្រប់គ្រង កំពង់ផែសំខាន់ ក្រោយមិនអាចបង់ សងត្រឡប់មកវិញ ៕

To Top