ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបង្ហាញក្ដីសង្ឃឹមថា រាជរដ្ឋាភិបាលជប៉ុន នឹងបន្តគាំទ្រការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលមកដល់ពេលនេះ កម្ពុជាបានឈានដល់ដំណាក់កាលទី២។
នាឱកាសអនុញ្ញាតជូនលោក អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi ) ឯកអគ្គរាជទូតជប៉ុនថ្មី ប្រចាំកម្ពុជា ចូលជួប សម្តែងការគួរសម នាថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ សម្ដេច ស ខេង បានថ្លែងអំណរគុណចំពោះការជួយ គាំទ្ររបស់ជប៉ុន ទៅលើគម្រោងនានានៅកម្ពុជា ក្នុងនោះដូចជា ការជួយរៀបចំនូវបញ្ជីឈ្មោះបោះឆ្នោតថ្មី ខណៈសម្ដេចចាត់ទុកថា នេះគឺជាកិច្ចការមួយដ៏មានសារៈសំខាន់ ក្នុងការជួយគាំទ្រដល់ដំណើរការរៀបចំការបោះឆ្នោតនៅកម្ពុជា។
សម្ដេច បញ្ជាក់ថា «ការជួយគាំទ្រដល់ដំណើរការរៀបចំការបោះឆ្នោត ឃុំ សង្កាត់ លើកដំបូងរបស់កម្ពុជា កាលពីឆ្នាំ២០០២ ដែលនៅពេលនោះ ជាការចាប់ផ្ដើមដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ក្នុងការផ្ទេរអំណាចទៅដល់រ ដ្ឋបាលថ្នាក់ក្រោមជាតិ ហើយសង្ឃឹមជឿជាក់ថា រាជរដ្ឋាភិបាលជប៉ុននឹងនៅតែបន្តគាំទ្រដល់កិច្ចការទាំងនេះ ជាពិសេសទៅលើការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលមកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជា បានឈានចូលដល់ដំណាក់កាលនៃការអនុវត្តនូវផែនការយុទ្ធសាស្ត្រជាតិដំណាក់កាលទី២»។
ឆ្លៀតឱកាសនោះដែរ លោកឯកអគ្គរាជទូត បានលើកឡើងពីដំណើរការ នៃគម្រោងមួយចំនួន ដែលជប៉ុន បានជួយ គាំទ្រដល់ កម្ពុជា ក្នុងនោះដូចជា៖ ការជួយគាំទ្រដល់គម្រោងអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ ការជួយគាំទ្រដល់ ការងារពាក់ ព័ន្ធទៅនឹងការបោះឆ្នោតដែលជួយគាំទ្រតាមរយៈអង្គការចៃកា ការជួយគាំទ្រដល់ការពង្រឹងភាពជាដៃគូ រវាងរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល ដែលគម្រោងនេះនឹងជួយគាំទ្រតាមរយៈអង្គការ UNDP និងគម្រោង ពង្រឹងអភិបាលកិច្ចក៏ដូចជាតម្លាភាពនៃរដ្ឋបាលថ្នាក់ក្រោមជាតិ៕