ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នារសៀលថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាល ជាមួយនឹងព្រះសង្ឃ ដែលគង់នៅវត្តខ្មែរក្នុងទីក្រុងញូវដែលី ព្រមទាំងសមណនិស្សិត និងនិស្សិតខ្មែរដែលកំពុងសិក្សាថ្នាក់ឧត្តមសិក្សា និងក្រោយឧត្តមសិក្សា នៅក្នុងប្រទេសឥណ្ឌា។

ឆ្លៀតក្នុងឱកាសនោះ លោក ហ៊ុន ម៉ាណែត ក៏បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីចម្ងាយពីសំណាក់ សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគេនជូនព្រះតេជព្រះគុណព្រះសង្ឃ និងប្អូនៗនិស្សិតទាំងអស់ ប្រកបដោយសទ្ធាគោរពបូជា និងមនោសញ្ចេតស្រឡាញ់ យកចិត្តទុកដាក់ជាទីបំផុត។
លោក ហ៊ុន ម៉ាណែត បានសម្តែងនូវការអបអរសាទរ ប្រគេនជូនសមណនិស្សិត និងប្អូនៗនិស្សិតដែលមានឱកាស បានមកសិក្សានៅក្នុងប្រទេសឥណ្ឌា ដែលជាប្រទេសមួយមានអរិយធម៌ដ៏ចំណាស់ ហើយក៏មានចំណងទាក់ទងយ៉ាងជិតស្និទ្ធ ជាមួយនឹងប្រទេសកម្ពុជាផ្នែកវប្បធម៌ ទំនៀមទម្លាប់ និងប្រពៃណីដ៏សម្បូរបែបក្នុងដានប្រវត្តិសាស្ត្រដ៏យូរលង់។

លោកបានបញ្ជាក់បន្ថែមថា ប្អូនៗនិស្សិតដែលកំពុងសិក្សាពេលនេះ គឺជាអនាគតនៃមូលធនមនុស្សរបស់ប្រទេសកម្ពុជា ប្រកបដោយសមត្ថភាពពិតប្រាកដ ដែលអាចបំពេញការងារ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ទៅតាមជំនាញរបស់ខ្លួន។
លោក ម៉ាណែត បានផ្តាំផ្ញើជូនប្អូនៗនិស្សិតឱ្យបន្តខិតខំ សិក្សារៀនសូត្រឱ្យមានចំណេះដឹង និងជំនាញច្បាស់លាស់ ជាពិសេសនៅក្នុងបរិបទសាកលភាវូបនីយកម្ម ដែលកំពុងមានតម្រូវការធនធានមនុស្ស ប្រកបដោយគុណភាព តាមការទាមទាររបស់ទីផ្សារការងារ និងត្រូវចេះឆ្លៀវឆ្លាត ក្នុងការបង្កើតបណ្តាញទំនាក់ទំនងក្នុងសង្គម តាមរយៈការចូលរួមក្នុងសកម្មភាព ក្រៅកម្មវិធីសិក្សា ដូចជាការងារស្ម័គ្រចិត្ត និងកម្មវិធីសប្បុរសធម៌ផ្សេងៗ ដើម្បីពង្រឹងភាពក្លាហាន និងទទួលបានបទពិសោធន៍ បម្រើឱ្យការសម្រេចគោលដៅទៅអនាគត៕








