ព័ត៌មានជាតិ

អភិបាលខេត្តពោធិ៍សាត់ មិនអនុញ្ញាត សមាគមគ្រូបង្រៀនជួបជុំ លើសពី៥០នាក់ នៅរូបសំណាក់លោកតាឃ្លាំងមឿង

ភ្នំពេញ ៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ មិនអនុញ្ញាតឲ្យក្បួនធម្មយាត្រារបស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យជួបជុំគ្នាលើសពី៥០នាក់ នៅរូបសំណាក់លោកតាឃ្លាំងមឿងជាទីកន្លែងកំណត់របស់ពួកគេ។ មូលហេតុមិនឲ្យលើស៥០នាក់នេះ ដោយសារតាមគម្រោង នឹងមានលើសពី៥០នាក់ នាថ្ងៃ៧ កុម្ភៈ។

ការមិនអនុញ្ញាតធ្វើឡើងតាមគោលការណ៍ណែនាំរបស់ក្រសួងមហាផ្ទៃ ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព ។

បើតាមលោក ខូយ រីដា ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ក្រោយជួបប្រជុំជាមួួយអ្នកតំណាងក្បួនធម្មយាត្រាដឹកនាំដោយសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ នាព្រឹកថ្ងៃ៦ កុម្ភៈ គឺពួកគេហាក់ដូចជាមានបំណងឲ្យក្រុមខ្លួនមកស្រុកផ្សេងៗនៃពោធិ៍សាត់ និងមកពីខេត្តផ្សេងៗទៀតចូលរួមនៅម្តុំរូបសំណាក់លោកតាឃ្លាំងមឿងយ៉ាងច្រើន ពោលអាចលើសពី៥០នាក់។

លោកបន្តថា ចំពោះគោលដៅនៃការហែរក្បួនក្នុងខេត្តវិញក៏បានកំណត់ឲ្យពួករួចហើយ ហើយទាំងអាជ្ញាធរខេត្តនិងខាងក្បួនធម្មយាត្រាក៏បានឯកភាពជាមួយគ្នា។

លោកបញ្ជាក់ថា “ដូច្នេះពួកប្រមូលមកពីស្រុកផ្សេង និងខេត្តផ្សេងគឺយើងមិនអនុញ្ញាតទេ។ ខ្លាចការងារសន្តិសុខ ដូច្នេះយើងត្រូវមានការប្រុងប្រយ័ត្ន ។បើមាន ប្រមូលផ្តុំលើសពីគោលការណ៍ ការងារសន្តិសុខជារឿងផ្សេងទៀត”។

សូមបញ្ជាក់ថា ក្បួនធម្មយាត្រាដោយថ្មើជើងស្តីពី «សីលធម៌សង្គម» ក្នុងគោលបំណងលើកកម្ពស់សីលធម៌សង្គម និងឲ្យមនុស្សគ្រប់រូប មិនថា អ្នកតូច ឬអ្នកមានតួនាទី ត្រូវមានសីលធម៌រស់ នៅក្នុងសង្គម ដឹកនាំដោយសមាគមគ្រូបង្រៀនកម្ពុជា បានចេញដំណើរពីរូបសំណាក់លោកយាយពេញ រាជធានីភ្នំពេញ កាលពីថ្ងៃ១កុម្ភៈ ដោយបានឆ្លងកាត់ខេត្តកណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង ឆ្ពោះទៅខេត្តពោធិ៍សាត់។

គោលបំណងរបស់ពួកគាត់ហែរទៅរូបសំណាក់លោកតាឃ្លាំងមឿង ហើយបើតាមគម្រោងនឹងទៅដល់ទីកន្លែងកំណត់នាថ្ងៃ៧ កុម្ភៈស្អែកនេះហើយ ។ ពួកគេជ្រើសយកកន្លែងរូបសំណាក់លោកតាឃ្លាំងមឿង ដោយសារជឿជាក់ថា ជាកន្លែងសាក់សិទ្ធិ៕

To Top