កំពង់ចាម៖ មានមនុស្ស ៣នាក់បានស្លាប់ និង២នាក់រងរបួស ដោយគ្រោះអគ្គីភ័យអស់ផ្ទះមួយខ្នង កាលពីវេលាទៀបភ្លឺ នៅថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ នៅចំណុចភូមិអង្គរបាន ឃុំអង្គរបាន ស្រុកកងមាស ។
មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំអង្គរបាន បានឲ្យដឹងថា នៅវេលាកើតហេតុ សមត្ថកិច្ចបានទទួលព័ត៌មានពីប្រជាពលរដ្ឋ រាយការណ៍ថាមាន ករណីនៅចំណុចដូចខាងលើ ។ ក្រោយពីទទួលព័ត៌មានភ្លាម កម្លាំងអធិការដ្ឋាននគរបាលកងមាស បានសហការជាមួយកម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាលអង្គរ ចុះជួយពន្លត់ម្ចាស់ផ្ទះ ឈ្មោះ យ៉ា អ៊ែល ភេទប្រុស អាយុ ៥៦ឆ្នាំ នៅភូមិឃុំខាងលើ។
សមត្ថកិច្ចឲ្យដឹងទៀតថា ករណីនេះ បណ្តាលអោយស្លាប់មនុស្ស ៣នាក់ ប្រុស ១ នាក់ និងរងរបួសមនុស្ស ២នាក់ ទៀត ស្រី១ នាក់ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
ប្រភពដដែលបន្តថា ករណីខាងលើនោះមានការ ខូចខាតផ្ទះសង់អំពីឈើ ដំបូលប្រក់ក្បឿង រៀបបន្ទប់សង្ក័សីក្រោមទំហំ (៦មែត្រ ×៨ម៉ែត្រ) ឆេះអស់ទាំងស្រុង ។
ជាមួយគ្នានោះដែរ សមត្ថកិច្ច បានអន្តរាគមន៍ ពន្លត់អគ្គីភ័យរលត់អស់ ១០០% នៅវេលាម៉ោង ៦:៣០នាទីព្រឹក ដោយក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ ចំនួន ០៤ គ្រឿង និងប្រើប្រាស់អស់ទឹក ០៦ រថយន្ត ក្នុងនោះរថយន្តពន្លត់អគ្គីភ័យរថយន្តខេត្ត ២គ្រឿង ស្រុកព្រៃឈរ ១គ្រឿង ស្រុកកងមាស ១គ្រឿង ។
ប្រភពបញ្ជាក់ថា មូលហេតុនៃករណីខាងលើ សមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវ ៕