ភ្នំពេញ ៖ ថ្មីៗនេះ គណៈប្រតិភូក្រសួងពាណិជ្ជកម្មកម្ពុជា បានស្វែងរកការនាំចេញអង្កររបស់កម្ពុជា ទៅកាន់ទីផ្សារប្រទេសហ្វីលីពីន ខណៈហ្វីលីពីន នាំចូលអង្ករចំនួន ៣.៨២លានតោន ពីបណ្ដាប្រទេសនានា។
គណៈប្រតិភូក្រសួងពាណិជ្ជកម្ម ដឹកនាំដោយលោកស្រី គឹម ស្រីរ័ត្ន អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក ចាន់ សុខទី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុក ជាប្រធានអគ្គនាយកក្រុមហ៊ុនហ្រ្គីនត្រេដ និងឧកញ៉ា ចាន់ សុខឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងសមាជិកចំនួន៨រូប ទៅចូលរួមកិច្ចប្រជុំ និងធ្វើទស្សនកិច្ចសិក្សា ពីទីផ្សារអង្ករនៅប្រទេសហ្វីលីពីន ដោយមានការសម្របសម្រួលពី ឧកញ៉ា វ៉ាន់ សូអៀង ទីប្រឹក្សាសហព័ន្ធស្រូវអង្ករកម្ពុជា។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី៦ កុម្ភៈ បានឲ្យដឹងថា កិច្ចប្រជុំ និងទស្សនកិច្ចសិក្សាទីផ្សារនេះ គណៈប្រតិភូកម្ពុជាបានជួបលោក ALFEDO.E PASCUAL រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មហ្វីលីពីន និងលោកស្រី DR. EMMIE LIZA PEREZ-CHIONG ប្រធានសាជីវកម្មពាណិជ្ជកម្មអន្តរជាតិ នៃក្រសួងពាណិជ្ជកម្មហ្វីលីពីន និងភាគីពាក់ព័ន្ធលើការនាំចូលអង្ករ។
ភាគីទាំងពីរ បានឯកភាពគ្នា និងធ្វើការសិក្សាពីលទ្ធភាព ក្នុងការចុះអនុស្សរណៈយោគយល់គ្នាជាថ្មី ស្តីពីការធ្វើពាណិជ្ជកម្មអង្ករ ក្រោមយន្តការរដ្ឋ និងរដ្ឋ ដែលសង្ឃឹមថា នឹងចុះហត្ថលេខានាពេលឆាប់ៗខាងមុខ។ ជាមួយគ្នានេះ ខាងភាគីហ្វីលីពីន ក៏បើកឲ្យមានការធ្វើពាណិជ្ជកម្មអង្ករដោយសេរី នៅក្រោមរូបភាពឯកជន និងឯកជនដោយផ្ទាល់តែម្តង ទៅតាមបរិមាណ គុណភាព និងតម្លៃដែលបានឯកភាព រវាងភាគីទាំងពីរ។
ក្នុងដំណើរទស្សនកិច្ចនេះផងដែរ គណៈប្រតិភូកម្ពុជាបានជួបពិភាក្សាពីយន្តការ និងលក្ខខណ្ឌបច្ចេកទេស តម្លៃសម្រាប់ផ្គត់ផ្គង់ជាមួយ បណ្តាក្រុមហ៊ុននាំចូលអង្កររបស់ហ្វីលីពីន ដែលជាលទ្ធផលបណ្តាក្រុមហ៊ុន នាំចូលទាំងនោះ មានការចាប់អារម្មណ៍លើគុណភាពអង្ករ និងមានបំណងនាំចូលអង្ករកម្ពុជា ទៅក្នុងទីផ្សារហ្វីលីពីន ផងដែរ។
សូមបញ្ជាក់ថា ហ្វីលីពីនជាប្រទេសផលិតស្រូវ ហើយក៏ជាប្រទេសនាំចូលអង្ករដ៏ធំមួយ នៅក្នុងតំបន់អាស៊ីផងដែរ ។ ជាក់ស្តែងក្នុងឆ្នាំ២០២២ហ្វីលីពីន បាននាំចូលអង្ករចំនួន ៣.៨២លានតោន ពីប្រទេសនានា ដែលប្រភេទអង្ករភាគច្រើនបំផុត ជាប្រភេទអង្ករសធម្មតា៕