ភ្នំពេញ ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក FUMIAKI TAKAHASHI អតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងជាប្រធានសមាគមកម្ពុជា-ជប៉ុន បានបន្ដកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ឱ្យកាន់តែមានភាពរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត។


នាឱកាសអនុញ្ញាតជូនលោក FUMIAKI TAKAHASHI ព្រមទាំងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ប៉ាន សូរស័ក្តិ បានលើកទឹកចិត្ត និងជំរុញឱ្យសមាគមជប៉ុន-កម្ពុជាទាញយកផលប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ដែលកម្ពុជាជាសមាជិកមានដូចជា៖ អាសិប និងកិច្ចព្រមព្រៀងទ្វេភាគីក៏ដូចជា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានាជាមួយដៃគូអាស៊ាន ដើម្បីពង្រីកទីផ្សារ និងប្រតិបត្តិការអាជីវកម្មរបស់ខ្លួន។
លើសពីនេះ លោករដ្ឋមន្ដ្រី ក៏បានលើកឡើងពីការងារអាទិភាពសំខាន់ៗ មួយចំនួនដែលក្រសួងពាណិជ្ជកម្ម បាននិងកំពុងអនុវត្តក្នុងកិច្ចខិតខំប្រឹងប្រែងធ្វើឱ្យកាន់តែប្រសើរឡើងលើវិស័យពាណិជ្ជកម្ម និងធុរកិច្ច ដើម្បីជួយសម្រួលដល់វិនិយោគិននៅកម្ពុជា។

ជាការឆ្លើយតប លោកប្រធានសមាគម បានថ្លែងអំណរគុណចំពោះអនុសាសន៍ណែនាំរបស់ លោករដ្ឋមន្រ្តី ក៏ដូចជាការខិតខំប្រឹងប្រែងឥតឈប់ឈររបស់ក្រសួងពាណិជ្ជកម្ម ក្នុងការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ចនៅកម្ពុជា។ ជាមួយគ្នានេះ លោកប្រធានសមាគម ក៏បានប្តេជ្ញាចិត្តក្នុងការផ្សព្វផ្សាយ និងកៀរគរវិនិយោគិនជប៉ុនឱ្យកាន់តែច្រើនបន្ថែមទៀតមកវិនិយោគនៅកម្ពុជា។

នាឱកាសនោះ ភាគីទាំងពីរ ក៏បានអបអរសាទរខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរក្នុងឆ្នាំ២០២៣ និងបានសម្តែងសារជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការបន្តពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ឱ្យកាន់តែមានភាពរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត៕
