ព័ត៌មានជាតិ

រដ្ឋមន្ត្រីបរិស្ថាន ៖ បញ្ហាកើនឡើងយ៉ាងខ្លាំង នូវសំណល់រួមទាំងសំណល់ប្លាស្ទិក ទាមទារឲ្យមានដំណោះស្រាយ

សៀមរាប ៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបញ្ជាក់ថា ខណៈតំបន់អាស៊ីប៉ាស៊ីហ្វិក គឺជាម៉ាស៊ីនកំណើន ដ៏ខ្លាំងក្លាបំផុតមួយ របស់ពិភពលោក ក្នុងនោះបញ្ហាកាកសំណល់ ត្រូវបានកើនឡើងយ៉ាងខ្លាំង រួមទាំងកាកសំណល់ប្លាស្ទិក ដែលកក្តានេះទាមទារ កិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីដោះស្រាយបញ្ហា ប្រកបដោយប្រសិទ្ធភាព ។

លោក សាយ សំអាល់ ថ្លែងទៅកាន់សមាជិកចូលរួមនៃវេទិការថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិកលើកទី១១ស្តីពី3R និងសេដ្ឋកិច្ចចក្រានាព្រឹកថ្ងៃ៨ កុម្ភៈ នៅសណ្ឋាគាសុខាសៀមថា កម្ពុជាបាននិងកំពុងខិតខំប្រឹងប្រែង ដោះស្រាយបញ្ហាប្រឈមនានា។

លោកបញ្ជាក់ថា «យើងបានបង្ហាញពី ការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់យើង ហើយបាននិងកំពុងធ្វើចំណែក របស់យើងទាំងក្នុងនិងក្រៅប្រទេស (ដោះស្រាយបញ្ហាកាកសំណល់) ។ យើងបានអនុម័តយុទ្ធសាស្រ្តរយៈពេលវែងសម្រាប់អព្យាក្រឹតភាពកាបូន គោលនយោបាយជាតិ និងផែនការយុទ្ធសាស្រ្តសម្រាប់កំណើនបៃតង គោលការណ៍ណែនាំស្តីពីការកសាងបៃតង និងផែនការយុទ្ធសាស្រ្ត និងផែនការសកម្មភាពសេដ្ឋកិច្ច និងអ្វីៗផ្សេងទៀត»។

លោកបន្តថា រាជរដ្ឋាភិបាលបាន ដាក់ចេញគោលនយោបាយ បទប្បញ្ញត្តិ ធនធានបច្ចេកទេស និងហិរញ្ញវត្ថុដើម្បីអនុញ្ញាត ឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិទទួលបន្ទុកផ្នែកបរិស្ថាន បន្ថែមទៀតជាបណ្តើរៗ។

លោករដ្ឋមន្ត្រីបន្ថែមថា កម្ពុជាក៏បានអនុវត្តកម្មវិធីកាត់បន្ថយកាកសំណល់ផ្សេងៗតាមរយៈសកម្មភាព 3R សាលារៀនដែលមិនប៉ះពាល់ដល់បរិស្ថាន ទីក្រុងឆ្លាតវៃ ការយកថង់ប្លាស្ទិកជាដើម។ ដើម្បីដោះស្រាយការបំពុលប្លាស្ទិក និងកំទេចកំទីសមុទ្រដែលបានក្លាយជាវិបត្តិបរិស្ថានពិភពលោកធ្ងន់ធ្ងរ ជាមួយនឹងផលប៉ះពាល់សង្គម និងអេកូឡូស៊ីរយៈ ពេលវែងយ៉ាងទូលំទូលាយនោះ លោកថា មិនមែនជាកិច្ចការធំពេកទេ ប្រសិទាំងអស់គ្នាធ្វើការដោយឯកភាពគ្នា ដើម្បីផលប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់មនុស្សជាតិ៕

To Top