ព័ត៌មានជាតិ

ក្រសួងអប់រំ ឯកភាពគោលការណ៍ ផ្លាស់ប្តូរកន្លែងបម្រើការ បុគ្គលិកអប់រំ ឆ្លងរាជធានី-ខេត្ត តាមប្តីឬប្រពន្ធ

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានឯកភាពគោលការណ៍ផ្លាស់ប្តូរកន្លែងបម្រើការងារ បុគ្គលិកអប់រំឆ្លងរាជធានី-ខេត្ត តាមសហព័ទ្ធ(ប្តីឬប្រពន្ធ) ជាមន្ត្រីរាជការតាមគោលការណ៍ច្បាប់ ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ នាថ្ងៃ៨ កុម្ភៈនេះ បានឲ្យដឹងថា កាលពីថ្ងៃ៣ កុម្ភៈ ក្រសួងបានប្រជុំផ្ទៃក្នុង សម្រេចជាគោលការណ៍ ពាក់ព័ន្ធសំណើផ្លាស់ប្តូរទីកន្លែង បម្រើការងាររបស់បុគ្គលិក អប់រំឆ្លងរាជធានី-ខេត្ត ។
ក្រោយបញ្ចប់ប្រជុំនាថ្ងៃ កុម្ភនេះ តាមរយៈលិខិតជូនដំណឹងមួយច្បាប់ ក្រសួងបានគូសបញ្ជាក់ថា “ឯកភាពជាគោលការណ៍ ឲ្យមានការផ្លាស់ប្តូរទីកន្លែងបម្រើការងារ បុគ្គលិកអប់រំឆ្លងរាជធានី-ខេត្ត តាមសហព័ទ្ធ(ប្តីឬប្រពន្ធ)ជាមន្ត្រីរាជការ ក្នុងឆ្នាំ២០២២តាមគោលការណ៍ច្បាប់ ។

កាលពីថ្ងៃ២០ មិថុនា ឆ្នាំ២០២២ ក្រសួងអប់រំបានអនុញ្ញាតឲ្យមន្ទីរអប់រំរាជធានី-ខេត្តទទួលពាក្យសុំផ្លាស់ប្តូរទីកន្លែងបម្រើការងារបុគ្គលិកអប់រំ តាមប្តី ឬប្រពន្ធ ជាមន្ត្រីរាជការសម្រាប់ឆ្នាំ២០២១-២០២២។

ការប្រកាសរបស់ក្រសួងអប់រំនាថ្ងៃ៨ កុម្ភៈនេះ ក៏ស្របពេលនឹងលោកគ្រូ-អ្នកគ្រូដែលបានដាក់ពាក្យផ្ទេរឆ្លងខេត្តតាមសហព័ទ្ធ ស្នើមកកាន់លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីព័ត៌មាន ដើម្បីឲ្យក្រសួងអប់រំជួយប្រកាសលទ្ធផលផ្ទេរនេះឲ្យបានលឿន ពីព្រោះពួកគេបានរង់ចាំលទ្ធផលផ្ទេរនេះ តាំងពីចុងខែធ្នូមកម្ល៉េះ ។ ពួកគេអះអាងទៀតថា មកទាល់ពេលនេះបានឈានចូលក្នុងបវេសនកាលថ្មីក្នុងឆ្នាំសិក្សា២០២២-២០២៣ជិត២ខែហើយ នៅតែមិនទាន់ដឹងទៀត៕

To Top