ព័ត៌មានជាតិ

ពលរដ្ឋ មុននឹងកម្ចីក្រៅផ្លូវការ និងតាមអនឡាញ ត្រូវពិនិត្យឱ្យច្បាស់លាស់

ភ្នំពេញ ៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងសមាគមធនាគារនៅកម្ពុជា (ABC) បានណែនាំដល់ប្រជាពល រដ្ឋមុនកម្ចី ពិសេសការប្រើប្រាស់ កម្ចីក្រៅផ្លូវការ និងតាមប្រព័ន្ធអនឡាញ ត្រូវពិនិត្យ និងសម្រេចចិត្តឱ្យបានច្បាស់លាស់ ចៀសវាងប្រើកម្ចីមិនមាន ការទទួលស្គាល់ពីអាជ្ញាធរ។

បច្ចុប្បន្ននេះ ការផ្តល់ប្រាក់កម្ចីខុសច្បាប់ និងការផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ក្នុងការផ្តល់សេវាហិរញ្ញវត្ថុដែលគ្មាន ច្បាប់អនុញ្ញាត នៅបន្តមានវត្តមាន ដែលបង្កហានិភ័យខ្ពស់ដល់ប្រជាជននិងអ្នកប្រើប្រាស់។

ក្នុងសន្និសីទសារព័ត៌មានមួយស្តីពី «ស្ថានភាពវិស័យធនាគារ និងហិរញ្ញវត្ថុ និងវិធានការបុរេសកម្មឆ្លើយតប ទៅនឹងការផ្តល់ សេវាហិរញ្ញវត្ថុក្រៅផ្លូវការ» នាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានលើកឡើងថា «បន្ទាប់ពីសេចក្តីប្រកាសរួមរវាង ធនាគារជាតិនៃកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលជាតិ អំពីកម្ចីក្រៅផ្លូវការ ឬខុសច្បាប់តាមប្រព័ន្ធអនឡាញ យើងនឹងមានការផ្សព្វផ្សាយ បន្ថែមទៀតដល់សហគមន៍ និងអាជ្ញាធរមូលដ្ឋានផងដែរ ដើម្បីឱ្យគាត់យល់ និងជ្រាបច្បាស់អំពីការជ្រើសរើស ឬប្រើប្រាស់កម្ចីពីស្ថាប័ន ដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវ និងមានការការពារអតិថិជនច្បាស់លាស់ ដើម្បីចៀសវាងកុំឱ្យ អតិថិជន ប្រើប្រាស់កម្ចីក្រៅផ្លូវការ និងមិនមានការទទួលស្គាល់ពីអាជ្ញាធរ»។

លោក បន្ដថា សមាគមមីក្រូហិរញ្ញវត្ថុ នឹងមានបញ្ជីឈ្មោះស្ថាប័ន ដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវពីធនាគារជាតិ ដើម្បីចែកជូនទៅតាមសហគមន៍នីមួយៗ ហើយប្រសិនពួកគាត់ពិនិត្យបញ្ជីឈ្មោះទៅ ហើយមិនឃើញស្ថាប័នដែល ពួកគាត់មាន បំណងចង់ប្រើប្រាស់កម្ចីនោះវាអាចមានបញ្ហា ឬពួកគាត់អាចរាយការណ៍មកកាន់អាជ្ញាធរមានសមត្ថកិច្ច។ ក្នុងន័យនេះ វានឹងអាចជួយប្រជាពលរដ្ឋ ដែលបំណងចង់ប្រើប្រាស់កម្ចីងាកមកប្រើប្រាស់កម្ចីផ្លូវការពីស្ថាប័ន ដែលទទួលស្គាល់ពីធនាគារជាតិនៃកម្ពុជា និងអាជ្ញាធារមានសមត្ថកិច្ច ហើយចៀសផុតពីកម្ចីក្រៅ ឬខុសច្បាប់ដែលមានហានិភ័យខ្ពស់”​ ។

លោក រ័ត្ន សោភ័ណ អនុប្រធានសមាគមធនាគារនៅកម្ពុជា (ABC) បានថ្លែងថា កម្ចីក្រៅផ្លូវការតែងតែមាន លក្ខខណ្ឌងាយ ស្រួល តែបង្កហានិភ័យខ្ពស់ ដូចជាការប្រាក់ខ្ពស់។ ដោយឡែក សម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុផ្លូវការតែង តែពិនិត្យ និងសួរនាំច្រើន មុនផ្តល់កម្ចីដល់អតិថិជន ហើយអ្វីដែលសំខាន់ គឺពិនិត្យមើលលទ្ធភាពសង និងគោលបំណង នៃឥណទាន ហើយទ្រព្យបញ្ចាំគឺស្ថិតនៅចំណុចក្រោយ គេនៃលក្ខណៈវិនិច្ឆ័យមុនផ្តល់កម្ចី។ ដូច្នេះបរិយាបន្នហិរញ្ញវត្ថុពិតជាមានសារៈសំខាន់ណាស់ ដែលជំរុញឱ្យប្រជាជនទទួលបាន សេវាហិរញ្ញវត្ថុបាន ទូលំទូលាយ។

លោកអនុប្រធាន ក៏បានអំពាវនាវដល់សាធារណជន និងអ្នកមានបំណងចង់ប្រើប្រាស់កម្ចី ពិនិត្យនិងសម្រេចចិត្តឱ្យបាន ច្បាស់លាស់ មុននឹងប្រើប្រាស់កម្ចី ពិសេសការប្រើប្រាស់កម្ចីក្រៅផ្លូវការនិងតាមប្រព័ន្ធអនឡាញ ដែលផ្តល់លក្ខខណ្ឌកម្ចីងាយស្រួល តែបង្កហានិភ័យផ្សេងៗដល់ប្រជាពលរដ្ឋ។

សូមរំលឹកថា ធនាគារជាតិនៃកម្ពុជា និងអគ្គស្នងការនគរបាលជាតិ កាលពីថ្ងៃទី០២ ខែកុម្ភៈឆ្នាំ២០២៣ បានចេញសេចក្តីថ្លែង ការណ៍រួមមួយ ដើម្បីជូនដំណឹងដល់សាធារណជនជ្រាបថា ធនាគារជាតិនៃកម្ពុជា និងអគ្គស្នងការនគរបាលជាតិ នឹងចាត់វិធានការផ្លូវច្បាប់យ៉ាងតឹងរ៉ឹងចំពោះការផ្តល់ប្រាក់កម្ចីខុសច្បាប់ និងការផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទពាក់ព័ន្ធ នឹងការផ្តល់សេវាហិរញ្ញវត្ថុដែលគ្មានច្បាប់អនុញ្ញាត៕

To Top