ព័ត៌មានជាតិ

ខ្លោងទ្វារតាកាវ នៃក្រុងអង្គរធំ ត្រូវបានជួសជុល រួចរាល់ទាំងស្រុង

ភ្នំពេញ៖ គម្រោងជួសជុលខ្លោងទ្វារ តាកាវ នៅទិសខាង លិចរបស់ក្រុងអង្គរធំ បានរួចរាល់ជាស្ថាពរ ទាំងស្រុងហើយ ខណៈបច្ចុប្បន្នក្រុមការងារ កំពុងសម្អាតទីតាំងការដ្ឋាន និងបង្ហើយការងារ ដែលនៅសេសសល់ មួយចំនួនតូចតែប៉ុណ្ណោះ ។

យោងតាមការចេញផ្សាយ របស់ក្រសួងវប្បធម៌ នៅថ្ងៃទី៨ កុម្ភៈ លោក គឹម សុធិន អគ្គនាយករង នៃអាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា ការងារស្ថិតនៅជាប់ខ្លោងទ្វារ នេះ គឺក្រុមការងារអាជ្ញាធរជាតិ អប្សរាបន្តជួសជុលជញ្ជាំង តែប្រវែង៥ម៉ែត្រ និងកម្ពស់១ម៉ែត្រ៤តឹក ឋិត នៅពីលើកំពែងភ្ជាប់សងខាងតួខ្លោងទ្វារ ទៅតាមអនុសាសន៍ របស់អ្នកជំនាញការអាយស៊ីស៊ី-អង្គរ ដើម្បីរក្សាបាន នូវទ្រង់ទ្រាយដើមរបស់រចនា សម្ពន្ធខ្លោងទ្វារឡើងវិញ ។

លោកថា ការងារនេះ នៅសល់តែដាប់ខ្សែក្បាច់ និងចាក់ដីបំពេញកន្លែងហូរច្រោះ លើខ្នងកំពែងជាប់នឹងតួខ្លោងទ្វារ ហើយនឹងបញ្ចប់ នាពេលឆាប់ៗខាងមុខ។ រីឯការងារជួសជុលចម្លាក់ទេវតាទាញព្រ័ត្រ ក្រុមការងារ នឹងបន្តជួសជុល ជាបន្តបន្ទាប់ ដោយដាក់រូបពេញលេញ មានដៃ ជើង និងមានព្រះកេសខ្លះៗ ។ ដោយឡែក រូបយក្សទាញព្រ័ត្រ គឺមានភាពស្មុកស្មាញបន្តិចដោយសារគ្រឹះ ។

លោកបន្តទៀតថា មុននឹងបញ្ចប់ការងារ ជួសជុលខ្លោងទ្វារទាំងមូល អាជ្ញាធរជាតិ អប្សរា កំពុងធ្វើកំណាយ ស្រាវជ្រាវត្រង់ចំណុចច្រកចេញចូលនៃតួខ្លោងទ្វារ ដើម្បីស្វែងយល់ពីរចនាសម្ព័ន បាតរបស់ខ្លោងទ្វារ ។ ដោយបានរកឃើញមានរន្ធ សម្រាប់ដាក់សសរឈើ នៅកម្រាលថ្មបាយក្រៀម ថ្មភក់ដែលអាចមានសំណង់ឈើ នៅសម័យនោះផង ៕

To Top