ព័ត៌មានជាតិ

ក្រសួងអប់រំ ឱ្យទប់ស្កាត់សកម្មភាព មិនប្រក្រតីក្នុងទិវានៃក្តីស្រឡាញ់ តាមគ្រឹះស្ថានសិក្សា ព្រោះមិនមែន ជាប្រពៃណីខ្មែរ

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានណែនាំឱ្យទប់ស្កាត់សកម្មភាពមិនប្រក្រតី ក្នុងទិវានៃក្តីស្រឡាញ់ នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ព្រោះទិវានេះ ពុំមែនជាប្រពៃណីខ្មែរឡើយ។

យោងតាមសេចក្ដីណែនាំរបស់ក្រសួងអប់រំ ថ្មីៗនេះ បានឱ្យដឹងថា ក្រសួង សង្កេតឃើញថា សិស្សានុសិស្សមួយចំនួនតូច យល់ច្រឡំថា ថ្ងៃ១៤ កុម្ភៈជាថ្ងៃបុណ្យសង្សារ ឬជាថ្ងៃណាត់ជួបគ្នារវាងគូស្នេហ៍។ ក្រសួងថា «ទិវានេះពុំមែនជាប្រពៃណីរបស់ជនជាតិខ្មែរយើងទេ។ យុវជនមួយចំនួនតូចភ្លើតភ្លើន ភ្លេចការសិក្សា បាត់បង់សេចក្តីថ្លៃថ្នូរបុគ្គល និងក្រុមគ្រួសារ ប្រាសចាកវប្បធម៌ និងប្រពៃណីជាតិរបស់ខ្មែរ»។

ក្រសួង បន្ដថា ដើម្បីបន្តពង្រឹងការអនុវត្តបទបញ្ជាផ្ទៃក្នុង សម្រាប់គ្រប់គ្រឹះស្ថានសិក្សា ក្រសួងអប់រំ បានធ្វើការណែនាំ ដល់គ្រឹះស្ថានសិក្សាសាធាណៈ និងឯកជន ក្នុងឆ្នាំ២០២៣ ត្រូវផ្សព្វផ្សាយដល់សិស្សានុសិស្ស តាមគ្រប់មធ្យោបាយ ដូចជាតាមរយៈការប្រជុំនៅពេលគោរពទង់ជាតិ កុំឱ្យមានការយល់ខុស អំពីអត្ថន័យទិវានៃក្តីស្រឡាញ់។ ជាពិសេស ត្រូវពង្រឹងការអនុវត្តវិន័យ ឱ្យបានម៉ឺងម៉ាត់ ជាពិសេសលើការអប់រំសីលធម៌ ដោយតាមដានអវត្តមាន របស់សិស្សានុសិស្សជាប្រចាំ។

ក្រសួង បន្ថែមថា ត្រូវជំរុញដំណើរការរបស់ក្រុមប្រឹក្សាយុវជន ក្រុមប្រឹក្សាកុមារប្រចាំសាលា ដោយអនុវត្តសកម្មភាព «មិត្តអប់រំមិត្ត» ព្រមទាំង ត្រូវទំនាក់ទំនងជិតស្និទ្ធជាមួយមាតាបិតា ឬអ្នកអាណាព្យាបាលសិស្ស និងសហគមន៍ ដើម្បីផ្តល់ និងទទួលព័ត៌មាននានា ដែលពាក់ព័ន្ធនឹងសកម្មភាពមិនប្រក្រតី ដែលប្រព្រឹត្តដោយសិស្សានុសិស្ស សំដៅរួមសហការគ្នាទប់ស្កាត់ អប់រំណែនាំ និងកែលម្អឱ្យបានទាន់ពេលវេលា៕

To Top