ភ្នំពេញ ៖ រដ្ឋបាលខេត្តព្រះសីហនុ បានចុះទៅវាយរបង ដែលសាងសង់នៅលើឆ្នេរអូឈើទាលហើយ នាល្ងាចថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ ។ ការចុះទៅរុះរើក៏ដូចជាការវាយកំទេចចោល នូវរបងដែលសាងសង់លយ ចូលឆ្នេរសមុទ្រនេះ ក្រោយពីម្ចាស់ដីអនុវត្ត តាមការណែនាំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ។
រឿងរ៉ាវនៃការសាងសង់របង ដែលចាក់គ្រឹះយ៉ាងរឹងមាំនេះ បានអូសបន្លាយជិត១០ថ្ងៃមកហើយ ក្រោយពីអ្នកបណ្តាញសង្គម ហ្វេសប៊ុកបានបញ្ចេញរូបភាពជាច្រើន សន្លឹកដែលម្ចាស់ដីបានជួលជាងជាច្រើននាក់ ក្នុងការសម្រុកធ្វើរបងនៅលើឆ្នេរអូឈើទាលនេះ ។ បើតាមការសង្កេតឃើញរបងនេះ ធ្វើឡើងលាតសន្ធឹងលើផ្ទៃឆ្នេរយ៉ាងវែង។
បើតាមលោក ឡុង ឌីម៉ង បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាថ្ងៃ៩ កុម្ភៈ បន្ទាប់ពីខាងរដ្ឋបាលខេត្តចុះវាយកំទេចរបងនាល្ងាចថ្ងៃ៨កុម្ភៈថា ខាងរដ្ឋបាលខេត្តចុះវាយតែរបងដែលសង់លយចូល ឆ្នេរសមុទ្រប៉ុណ្ណោះ បន្ទាប់ពីសម្តេចតេជោបានចេញមកអន្តរាគមន៍។ ចំពោះផ្នែកផ្សេងទៀត លោកមិនទាន់បានដឹងថា យ៉ាងម៉េចទៀតទេ។
លោកគូសបញ្ជាក់ថា “សម្តេចតេជោ នាយករដ្ឋមន្រ្តីបានណែនាំមករដ្ឋបាល ខេត្តព្រះសីហនុ ដើម្បីធ្វើការសម្របសម្រួល ហើយនឹងជូនដំណឹង ទៅម្ចាស់កម្មសិទ្ធិករ ដើម្បីអាជ្ញាធរខេត្តធ្វើការរុះរើ និងវាយរបងមួយផ្នែកប៉ែកខាងសមុទ្រចេញ ។ ចឹងពីល្ងាចមិញនេះ រដ្ឋបាលខេត្តយើងបានធ្វើការ រុះរើមួយផ្នែកប៉ែកខាងសមុទ្ររួចហើយ”។
បើតាមច្បាប់ស្តីពីការគ្រប់គ្រងឆ្នេរសមុទ្រ និងទន្លេ គឺថា ដីចំណីមាត់ច្រាំងឆ្នេរនៃតំបន់អាង ទន្លេត្រូវកំណត់ ដូចតទៅ៖ ឆ្នេរ និងពាមសមុទ្រត្រូវមាន ចម្ងាយ១០០ម៉ែត្រ ពីមាត់ឆ្នេរ និងពាម , ទន្លេត្រូវមានចម្ងាយ៥០ម៉ែត្រពីមាត់ច្រាំងទន្លេ , ស្ទឹងត្រូវមានចម្ងាយ៣០ម៉ែត្រ ពីមាត់ស្ទឹង , ព្រែកត្រូវមានចម្ងាយ២០ម៉ែត្រពីមាត់ច្រាំងព្រែក , អូរត្រូវមានចម្ងាយ១០ម៉ែត្រ ពីមាត់ច្រាំងអូរ និងប្រឡាយមេត្រូវមានចម្ងាយ១០ម៉ែត្រ ពីជើងទេរភ្លឺប្រឡាយផ្នែកខាងក្រៅ ៕