ព័ត៌មានជាតិ

អភិបាលខេត្តតាកែវ បញ្ជាឲ្យបង្ក្រាបក្មេងទំនើង និងបញ្ហាអសកម្ម កំពុងកើតមាន

ភ្នំពេញ ៖ មួយរយៈពេលចុងក្រោយនេះ ខេត្តតាកែវ ជាមុខសញ្ញា នៃការកើតមានឡើង បញ្ហាជាបន្តកន្ទុយ ។ ដោយសារបញ្ហាកើត ជាហូរហែរមិនលោះថ្ងៃនេះ លោក អ៊ូច ភា អភិបាលខេត្តតាកែវ បានចេញបទបញ្ជាឲ្យអាជ្ញាធរ មានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវរួមដៃគ្នាបង្ក្រាបករណីក្មេងទំនើង និងបញ្ហាអសកម្មដែលកំពុងកើតមានឡើង នៅក្នុងមូលដ្ឋានរបស់ខ្លួន ។

ការចេញបទបញ្ជាពីអភិបាលខេត្តតាកែវ ដែលជាអាណាព្យាបាលខេត្តនេះ ក្នុងកិច្ចប្រជុំមួយនាថ្ងៃ៩ កុម្ភៈដែលលោកបានដឹកនាំប្រជុំជាមួយអភិបាលរងខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ អភិបាលក្រុង-ស្រុក អធិការនគរបាលក្រុង-ស្រុក និងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក ព្រមទាំងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត។

កិច្ចប្រជុំនេះ កើតឡើងក្រោយ ពីខេត្តតាកែវកំពុងល្បីសុះសាយទាំងក្នុងបណ្តាញសង្គម និងនៅទីសាធារណនានាថា មានបញ្ហាអសកម្មកើតឡើង ជាហូរហែរនាពេលប៉ុន្មាន ថ្ងៃចុងក្រោយនេះ ជាពិសេសករណីក្មេង សិស្សសាលាមួយក្រុម រួមគ្នាកាប់សម្លាប់យុវជនម្នាក់ ស្លាប់ក្នុងថ្លុកឈាមយ៉ាង អណោចអធម ហើយពួកក្មេងទំនើងនោះនៅតែសើចសប្បាយ ដូចគ្មានបញ្ហាអ្វីកើត បើទោះបីជាសមត្ថកិច្ចចាប់ខ្លួនពួកគេបញ្ជូនទៅពន្ធនាគារក៏ដោយ។

ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តនាថ្ងៃ៩កុម្ភៈលោក អ៊ូច ភា បានធ្វើការជម្រុញបន្ថែមទៀត ដល់សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងអាជ្ញាធរក្រុង-ស្រុក ទាំង១០ ត្រូវបន្តយកចិត្តទុកដាក់ដោះស្រាយរាល់បញ្ហា ដែលកើតមានឡើងក្នុងដែន សមត្ថកិច្ចរបស់ខ្លួន ឲ្យបានស្របទៅនឹង គោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញដើម្បីផ្ដល់នូវសេចក្ដីសុខ និងជីវភាពល្អប្រសើរដល់ប្រជាពលរដ្ឋ ។

លោកបន្តថា “ស្នងការ នគរបាលខេត្ត និងមេបញ្ជាការកងរាជអាវុធហត្ថខេត្ត រួមគ្នា ពង្រឹងលើការងារបង្ការ ទប់ស្កាត់ និងបង្ក្រាប លើការងារសន្តិសុខ សណ្តាប់ធ្នាប់ ជាផ្នែកមួយដ៏មានសារៈសំខាន់ ក្នុងការអនុវត្តន៍គោលនយោបាយ ភូមិឃុំមានសុវត្ថិភាព ជាពិសេស គឺត្រូវបង្ក្រាបឲ្យខាន តែបានចំពោះក្រុមក្មេងទំនើង ចោរលួច ចោរឆក់ គ្រឿងញៀន ដែលកំពុងកើតមានឡើងនៅតាមមូលដ្ឋាន ។ ដូច្នេះដើម្បីទប់ស្កាត់លើបញ្ហាប្រឈមនេះបាន សូមលោកស្នងការនគរបាលខេត្ត និងមេបញ្ជាការកងរាជអាវុធហត្ថខេត្ត ស្រុក និងក្រុង ត្រូវធ្វើការសហការគ្នាឲ្យបានល្អ លើកផែនការយុទ្ធសាស្ត្រថ្មី តាមដាន និងកំណត់មុខសញ្ញាជនសង្ស័យ និងមុខសញ្ញាអ្នកចំណូលថ្មីនៅតាមមូលដ្ឋាន ដែលទើបតែមកស្នាក់នៅ ក្នុងទឹកដីនៃខេត្តតាកែវរបស់យើង”។

លោកថា ជាពិសេសត្រូវបង្កើន ការត្រួតពិនិត្យ គោលដៅតាមដងផ្លូវនានាលើការឆែកឆេរកអាវុធជាតិផ្ទុះ កាំបិត ដាវ ត្រូវមានការដឹកនាំផ្ទាល់ ដោយអាជ្ញាធរស្រុក និងក្រុង ធ្វើការសហការគ្នាអនុវត្តន៍លើការងារនេះ៕

To Top