ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំបង្កើតគណៈកម្មាធិការ សមាគមសេវាដឹកជញ្ជូន ខេត្តកំពង់ចាម

កំពង់ចាម ៖ អភិបាល ខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីបង្កើតគណៈកម្មាធិការសមាគម សេវាដឹកជញ្ជូន ក្នុងខេត្តកំពង់ចាម ដោយមានការចូលរួមពី ថ្នាក់ដឹកនាំ និងបណ្ដាមន្ទីរអង្គភាព ពាក់ព័ន្ធនៅក្នុងខេត្តផងដែរ ។

តាមមន្ត្រីរដ្ឋបាល ខេត្តកំពង់ចាមបានឲ្យដឹងថា ការរៀបចំបង្កើតគណៈកម្មាធិការ សមាគមសេវាដឹកជញ្ជូនខេត្តកំពង់ចាម គឺក្នុងគោលដៅ ដើម្បីឈានទៅរៀបចំសមាគមសេវាដឹកជញ្ជូននៅក្នុងខេត្ត ជាសមាជិកនោះមានដូចជា អ្នករត់ម៉ូតូឌុប អ្នកបើក pass app និងអ្នកបើករថយន្តតាក់ស៊ី ដើម្បីឲ្យពួកគាត់ចូលរួម ក្នុងកិច្ចការសង្គម ដោយមានការសហការល្អ ជាមួយអាជ្ញាធរដែនដី និងសមត្ថកិច្ចកងកម្លាំង ដើម្បីថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ ឱ្យបានល្អប្រសើរ ។

មន្ត្រីដដែលបានបញ្ជាក់ថា គណៈកម្មាធិការប្រតិបត្តិសមាគមសេវាដឹកជញ្ជូនខេត្តកំពង់ចាម ដែលបានបង្កើតឡើង មានតួនាទីភារកិច្ច ដូចខាងក្រោម៖

ជាអ្នកផ្តល់អនុសាសន៍ណែនាំ និងប្រតិបត្តិការ ដល់លេខាធិការដ្ឋាន និងសមាគមដើម្បីចាត់វិធានការ ការពារដល់សមាជិកអ្នកផ្តល់ សេវាដឹកជញ្ជូននៅពេលមាន ការរំលោភបំពានផ្លូវច្បាប់ ។

ត្រួតពិនិត្យ សកម្មភាព ប្រចាំថ្ងៃ របស់សមាជិកសមាគម ក្នុងការប្រកបមុខរបររកស៊ីចិញ្ចឹមជីវិត។

កៀរគរប្រមូល សន្សំ ថវិកា ដែលបានមកពី សប្បុរសជន នានាទាំងក្នុង និងក្រៅប្រទេសពីសមាជិកគណៈកម្មាធិការសមាគម ពីក្រុមការងារ ឬ ពីឥស្សរជននានាដើម្បីទ្រទ្រង់ដល់ សមាគម។

ពិនិត្យ និងផ្តល់ជំនួយអន្តរាគមន៍ផ្លូវច្បាប់បន្ទាន់តាមសំណើ និងសំណូមពរពីប្រធាន ឬអនុប្រធាន (ក្នុងករណីប្រធានស័ក ) លេខាធិការដ្ឋាន និងប្រធានសមាគមអ្នកផ្តល់សេវាដឹកជញ្ជូន នៅពេលពួកគេត្រូវការជំនួយផ្លូវច្បាប់ពីគណៈកម្មាធិការសមាគម ។

ផ្តល់ការណែនាំ និងនីតិវិធីការងារ ដល់លេខាធិការដ្ឋាន ឲ្យមានភារកិច្ចត្រួតពិនិត្យ និងបូកសរុបការងារប្រចាំខែ ត្រីមាស ឆមាស ឆ្នាំ ពីសមាជិក សមាគម អ្នកផ្តល់សេវា ដឹកជញ្ជូនក្នុងខេត្ត ។

មន្ត្រីដដែលបានបញ្ជាក់បន្ថែមថា អ្នកដែលបានចូលជាសមាជិក សមាគមសេវាដឹកជញ្ជូនខេត្តកំពង់ចាម និងទទួលបានអត្ថប្រយោជន៍ច្រើនពីសមាគមនេះផងដែរ ៕

To Top