ភ្នំពេញ ៖ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា បានថ្លែងឲ្យដឹងថា កម្ពុជាមានការរំពឹងខ្ពស់ថា នឹងទទួលបានកំណើនសេដ្ឋកិច្ចបន្ថែមទៀត ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាង កម្ពុជា-កូរ៉េ។
ក្នុងឱកាសអនុញ្ញាតឲ្យលោក ផាក ជុងវុក (PARK Jung_Wook) ឯកអគ្គរដ្ឋទូតកូរ៉េប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ ប្រធានព្រឹទ្ធសភា បានកត់សម្គាល់ដោយសេចក្តីរីករាយ ចំពោះការកើនឡើងជាបន្តបន្ទាប់នៃការផ្លាស់ ប្តូរពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ។ ដោយក្នុងឆ្នាំ២០២២កន្លងទៅនេះ ពាណិជ្ជកម្មទ្វេភាគីមានទំហំ៧៧៨,៩២ លានដុល្លារ ហើយពីឆ្នាំ១៩៩៤ ដល់ខែកញ្ញា ឆ្នាំ២០២២ ការវិនិយោគរបស់សាធារណរដ្ឋកូរ៉េ នៅកម្ពុជា មានទំហំប្រមាណ៥,០៦ ប៊ីលានដុល្លារដែលស្ថិតនៅចំណាត់ថ្នាក់ទី២។
សម្តេចបញ្ជាក់ថា «សូមវាយតម្លៃខ្ពស់ចំពោះរដ្ឋសភាកូរ៉េ ដែលបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ។ កម្ពុជា មានការរំពឹងខ្ពស់ថា នឹងទទួលបានកំណើនសេដ្ឋកិច្ចបន្ថែមទៀតពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ។ កិច្ចព្រមព្រៀងនេះនឹងជួយពង្រីកបន្ថែមទៀត លើការធ្វើសេរីភាវូបនីយកម្មទីផ្សារពាណិជ្ជកម្ម ដែលនឹងនាំមកនូវការរីកចម្រើន និងវិបុលភាពរួមដល់ប្រជាជន និងប្រទេសទាំងពីរ»។
ចំណែក លោកឯកអគ្គរដ្ឋទូតកូរ៉េ គូសបញ្ជាក់ដែរថា តាមរយៈកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីអាស៊ាន-កូរ៉េ កិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ និងកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីកម្ពុជា-កូរ៉េ នឹងធ្វើឲ្យមានការកើនឡើងខ្ពស់ នៃការផ្លាស់ប្តូរពាណិជ្ជកម្ម នៃប្រទេសទាំងពីរ ។
លោកសង្ឃឹមថា នាពេលខាងមុខ ប្រទេសទាំងពីរនឹង ពង្រឹងពង្រីកឡើងវិញកិច្ចសហប្រតិបត្តិការនានា និងការផ្លាស់ប្តូរនូវវប្បធម៌ ព្រមទាំងទំនាក់ទំនងទ្វេភាគី ដើម្បីឈានដល់ចំណុចមុន ការរាតត្បាតនៃជំងឺកូវីដ-១៩ និងលើសពីកម្រិតនេះថែមទៀត។
សូមបញ្ជាក់ថា បន្ទាប់រដ្ឋសភាកូរ៉េ បានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី (FTA) ជាមួយកម្ពុជា កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២មក កិច្ចព្រមព្រៀងនេះ បានចូលជាធរមាននាថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ជាកិច្ចព្រមព្រៀង ពាណិជ្ជកម្មទ្វេភាគី ទី២របស់កម្ពុជា បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន បានចូលជាធរមាន កាលខែមករា ឆ្នាំ២០២២ តំណាលគ្នានឹងកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលមានការចូលរួមប្រទេសចំនួន១៥ រួមមានប្រទេសជា សមាជិកអាស៊ានទាំង១០ និងដៃគូពាណិជ្ជកម្មសេរី ចំនួន៥ទៀត រួមមាន ៖ អូស្ត្រាលី ចិន ជប៉ុន កូរ៉េខាងត្បូង និងណូវែលហ្សេឡង់៕