ព័ត៌មានជាតិ

ខែមករា កម្ពុជា នាំចេញអង្ករជាង៣ម៉ឺនតោន ទទួលបានជិត៣០លានដុល្លារ

ភ្នំពេញ ៖ សហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងថា ក្នុងខែមករា ឆ្នាំ២០២៣ កម្ពុជា នាំចេញអង្ករចំនួន ៣៦,៩០០តោន ដែលគិតជាទឹកប្រាក់មានចំនួន ២៨.៨៣លានដុល្លារ ទៅកាន់ទីផ្សារអន្តរជាតិចំនួន ៣៤គោលដៅ។

យោងសេចក្ដីប្រកាសព័ត៌មាន របស់សហព័ន្ធស្រូវអង្ករកម្ពុជា ថ្មីៗនេះ ថា ប្រទេសគោលដៅទាំងនោះ រួមមាន៖ តំបន់សហគមន៍អឺរ៉ុបចំនួន២០ ប្រទេសស្មើនឹង៤៨% នៃការនាំចេញសរុប គិតជាបរិមាណមានចំនួន ១៧ ៧៩៥ តោន ដែលស្មើនឹងទឹកប្រាក់ចំនួន ១៣.៤៤លានដុល្លារ ខណៈប្រទេសចិន និងហុងកុង គ្រប់គ្រងចំណែកការនាំចេញអង្ករកម្ពុជាចំនួន ៤១% ដែលមានបរិមាណចំនួន ១៥ ០៤៥ តោន ដែលស្មើនឹងទឹកប្រាក់ចំនួន ១១.៧៧ លានដុល្លារក ប្រទេសអាស៊ានចំនួន២ មាន ប្រទេសម៉ាឡេស៊ី និងសិង្ហបុរី ចំនួន ១ ៨៧១តោន គិតជាទឹកប្រាក់មានចំនួន ១.០៩លានដុល្លារ។

សហព័ន្ធស្រូវអង្ករកម្ពុជាបញ្ជាក់ថា ចំពោះគោលដៅផ្សេងៗ ចំនួន៧រួមមាន៖ ប្រទេសហ្កាប៊ុង សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន រុស្សី និងអារ៉ាបីតសាអូឌីត ចំនួន ២ ១៨៩ តោន ដែលគិតជាទឹកប្រាក់មានចំនួន ២.៥៣ លានដុល្លារ។ ដោយសារការឈប់សម្រាកនៃពិធីបុណ្យចូលឆ្នាំចិន ក្នុងខែមករា ប្រមាណជាជិត២សប្តាហ៍នៅចិន ធ្វើឲ្យមានការយឺតយ៉ាវក្នុងនាំចេញអង្ករ ទៅកាន់ទីផ្សារចិន និងធ្វើឲ្យការនាំចេញសរុបមានការថយចុះ។

ចំពោះប្រភេទអង្ករនាំចេញ កម្ពុជាបានធ្វើការនាំចេញអង្ករក្រអូបប្រណិត «ម្លិះអង្គរ» ចំនួន ២២ ៨១០ តោន អង្ករសែនក្រអូបចំនួន ៩ ៣៥៨ តោន អង្ករស ធម្មតាចំនួន ១ ៧២១ តោន អង្ករចំហុយចំនួន ១ ៨៦៧ តោន អង្ករសរីរាង្គចំនួន ១ ១៤៤ តោន។ ចំណែក ការនាំស្រូវចេញចំនួន ២៥២ ៧១៤តោន ហើយសរុបតម្លៃនៃការនាំចេញអង្ករ និងស្រូវ បានទឹកប្រាក់ចំនួន ៩២ លានដុល្លារ៕

To Top