ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានឱ្យដឹងថា សេដ្ឋកិច្ចកម្ពុជាងើបឈរឡើងវិញ គឺដោយសារកាយវិការ និងការជួយឧបត្ថម្ភ របស់ប្រទេសចិន ក្នុងការផ្តល់វ៉ាក់សាំង។
![](https://dap-news.com/wp-content/uploads/2023/02/photo_2023-02-10_16-19-27-1024x682.jpg)
ក្នុងជំនួបពិភាក្សាការងារទ្វេភាគីជាមួយ លោក ប្រធានាធិបតីចិន ស៊ី ជិនពីង នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេចតេជោ នាយករដ្ឋមន្ដ្រី បានថ្លែងថា «សេដ្ឋកិច្ចកម្ពុជាងើបឈរឡើងវិញ គឺដោយសារកាយវិការ និងការជួយ ឧបត្ថម្ភរបស់ប្រទេសចិន ក្នុងការផ្តល់វ៉ាក់សាំង ពោលបើមិនមានវ៉ាក់សាំង ចាក់ស្រោច ដែលផ្តល់ដោយភាគីចិនទេនោះទេ មិនដឹងថាប្រជាជនកម្ពុជា មានវាសនាបែបណានោះទេ ពិសេសកម្ពុជាបានបើកសេដ្ឋកិច្ច និងប្រទេសឡើងវិញ កាលពីថ្ងៃទី១ ខែវច្ឆិកា ឆ្នាំ២០២១»។
![](https://dap-news.com/wp-content/uploads/2023/02/photo_2023-02-10_16-19-33-1024x682.jpg)
ក្នុងនោះ លោក ប្រធានាធិបតីចិន ស៊ី ជិនពីង បានអរគុណចំពោះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសជាសាធារណៈថា «បើខ្ញុំមិនពឹងចិនទេ តើឲ្យខ្ញុំទៅពឹងអ្នកណា?»។
លោក ប្រធានាធិបតី ក៏បានឧបត្ថម្ភជំនួយឥត សំណងមានទឹកប្រាក់ ៣០០លានយ័ន ចំពោះគម្រោងផ្លូវដែកកម្ពុជា ដើម្បីលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាជនកម្ពុជា។
![](https://dap-news.com/wp-content/uploads/2023/02/photo_2023-02-10_16-19-37-1024x682.jpg)
ក្នុងជំនួបគ្នានោះដែរ មេដឹកនាំទាំងពីរ កម្ពុជា-ចិន បានពិភាក្សាយ៉ាងយកចិត្តទុកដាក់ លើកិច្ចសហប្រតិបត្តិការទ្វេភាគី ពហុភាគី និងបញ្ហាអន្តរជាតិ ដែលមានការយក ចិត្តទុកដាក់គ្នា។ លើសពីនេះ មេដឹកនាំទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងទ្វេភាគី នៃប្រទេសទាំងពីរ ដែលឈានពីកិច្ច សហប្រតិបត្តិគ្រប់ជ្រុងជ្រោយ ទៅជាមិត្តដែកថែម និងឈានទៅកិច្ចសហប្រតិបត្តិការសហគមន៍រួម ជោគវាសនាតែមួយ។ មេដឹកនាំ នៃប្រទេសទាំងពីរ ក៏បានឯកភាពគ្នាក្នុងការជំរុញកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដើម្បីជំរុញទំនាក់ទំនងនៃប្រទេសទាំងពីរ ឈានដល់ចំណុចកំពូលថ្មីមួយទៀត៕
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)