នយោបាយ

ប្រធានាធិបតីអាល្លឺម៉ង់ នឹងបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីបើកទំព័រប្រវត្តិសាស្ត្រថ្មី ក្នុងទំនាក់ទំនងទ្វេភាគី

ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ឋសភាកម្ពុជា លោក ហ្រ្វាំង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ (Frank-Walter Steinmeier) ប្រធានាធិបតី នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ និងលោកស្រី អែលឃើ បឿឌិនបិនឌ័រ (Elke Büdenbender) នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណា​ចក្រកម្ពុជា នៅថ្ងៃទី១៤-១៦ ខែកុម្ភៈ ឆ្នាំ២០២៣។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី១០ កុម្ភៈនេះ បានឲ្យដឹងថា ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ លោកប្រធានាធិបតី នឹងមានកិច្ចសន្ទនាផ្លូវការ ជាមួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ និង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ដែលក្នុងឱកាសនោះ ទិដ្ឋភាពផ្សេងៗ នៃកិច្ចសហប្រតិបត្តិការ ទ្វេភាគី និងពហុភាគី រួមទាំងបញ្ហានានាដែលមានផលប្រយោជន៍រួម នឹងត្រូវលើកយកមកពិភាក្សា ។

លោកប្រធានាធិបតី នឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ និងនៅមណ្ឌប ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ។

ក្នុងអំឡុងពេលស្នាក់នៅកម្ពុជា លោក ហ្រ្វាំង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ នឹង អញ្ជើញទៅទស្សនកិច្ច អង្គការ Halo Trust និងទស្សនាឧទ្យានជាតិអង្គរ ក្នុងខេត្តសៀមរាប ដែលមានគម្រោងឧបត្ថម្ភគាំទ្រ ដោយអាល្លឺម៉ង់ ។ ប្រធានាធិបតីអាល្លឺម៉ង់ ក៏នឹងអញ្ជើញទៅទស្សនា សារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង ក្នុងរាជធានីភ្នំពេញ ផងដែរ។

ដំណើរទស្សនកិច្ចជាប្រវត្តិសាស្រ្តនាពេលខាងមុខ របស់លោកប្រធានាធិបតី អាល្លឺម៉ង់ មកកាន់ព្រះរាជាណាចក្រកម្ពុជា នឹងបើកទំព័រមាស ក្នុងប្រវត្តិសាស្រ្ត នៃទំនាក់ទំនងជាប្រពៃណី ក៏ដូចជាមិត្តភាព ព្រមទាំងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរ និងពង្រឹងបន្ថែមទៀតនូវចំណងទាក់ទង និងកិច្ចសហប្រតិបត្តិការដ៏ល្អដែលមានស្រាប់ សម្រាប់ជាផលប្រយោជន៍ទៅវិញ ទៅមក របស់ប្រជាជននៃប្រទេសទាំងពីរ៕

To Top