ព័ត៌មានជាតិ

កម្ពុជា ប្រកាសជំហរ ប្រឆាំងដាច់ខាតការប៉ុនប៉ង ផ្តាច់កោះតៃវ៉ាន់ ចេញពីមហាអំណាចចិន

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន បានប្រកាសជំហរប្រឆាំងដាច់ខាត ចំពោះរាល់ទង្វើនិងសកម្មភាព ទាំងឡាយណា ដែលប៉ុនប៉ង ផ្តាច់កោះតៃវ៉ាន់ ចេញពីមហាអំណាចចិន។

យោងតាម សេចក្ដីថ្លែងការណ៍រួម ស្ដីពីការកសាងសហគមន៍ វាសនារួម កម្ពុជា-ចិន ក្នុងយុគសម័យថ្មី រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ភាគីកម្ពុជាបានអះអាងសាជាថ្មី អំពីការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវ “គោលនយោបាយចិន មួយ”។

រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន គឺជារដ្ឋាភិបាលស្របច្បាប់តែមួយគត់ តំណាង ឱ្យប្រទេសចិនទាំងមូល។ តៃវ៉ាន់ គឺជាផ្នែកមួយ ដែលមិនអាចកាត់ផ្តាច់ចេញពីទឹកដីរបស់ចិន ហើយ បញ្ហាតៃវ៉ាន់ជាកិច្ចការផ្ទៃក្នុងរបស់ចិន ដែលមិនអាចត្រូវបានជ្រៀតជ្រែក ពីកម្លាំងខាងក្រៅបានឡើយ។

កម្ពុជាប្រឆាំងការប៉ុនប៉ងនានា ក្នុងការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន ឬដើម្បីរារាំង និងទប់ស្កាត់ ប្រទេសចិន ក្រោមហេតុផលតៃវ៉ាន់ ឬសកម្មភាពបំបែកខ្លួន គ្រប់ទម្រង់ដើម្បីទាមទារ “ឯករាជ្យភាព តៃវ៉ាន់- និងសូមគាំទ្រយ៉ាងម៉ឹងម៉ាត់ នូវកិច្ចប្រឹងប្រែងនានារបស់ចិន ដើម្បីសម្រេចបាននូវការបង្រួប បង្រួមជាតិ។ កម្ពុជានឹងមិនបង្កើតទំនាក់ទំនង ផ្លូវការក្នុងទម្រង់ណាក៏ដោយ ជាមួយតៃវ៉ាន់ឡើយ៕

To Top