ព័ត៌មានជាតិ

កម្ពុជា-ចិន ឯកភាពពិនិត្យលទ្ធភាពអភិវឌ្ឍន៍ «ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា» ក្នុងខេត្តព្រះសីហនុ

ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា-ចិន បានឯកភាពគ្នា ពិនិត្យលទ្ធភាពអភិវឌ្ឍន៍ “ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា “ ក្នុងខេត្តព្រះសីហនុ ឱ្យទៅជាតំបន់ សេដ្ឋកិច្ចពិសេសពហុបំណង គំរូមួយ។

យោងតាម សេចក្ដីថ្លែងការណ៍រួម ស្ដីពីការកសាងសហគមន៍ វាសនារួម កម្ពុជា-ចិន ក្នុងយុគសម័យថ្មី រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន បានឱ្យដឹងថា ភាគីទាំងពីរបានឯកភាពធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការ និងការបន្ស៊ីគា្នជាយុទ្ធសាស្ត្រ រវាងគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ និងយុទ្ធសាស្ត្រចតុកោណ ដើម្បីធានាសុវត្ថិភាព នៃគម្រោង និងបុគ្គលិក ព្រមទាំងផ្តល់តួនាទីឱ្យកាន់តែសំខាន់ ដល់យន្តការការងារកម្ពុជា-ចិន សម្រាប់កិច្ចសហ ប្រតិបត្តិការវិនិយោគ និងសមត្ថភាពផលិតកម្ម។

សេចក្ដីប្រកាសបញ្ជាក់ថា «ពិនិត្យលទ្ធភាពអភិវឌ្ឍន៍ “ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា “. ដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យ ក្នុងការអភិវឌ្ឍខេត្តព្រះសីហនុឱ្យទៅជាតំបន់ សេដ្ឋកិច្ចពិសេសពហុបំណងគំរូមួយ»។ កសាងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ជាគម្រោង លេចធ្លោ និងផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ដើម្បីទាក់ទាញសហគ្រាសចិន ដែលមានសមត្ថភាព បន្ថែមទៀត ក្នុងការបង្កើនការវិនិយោគនៅកម្ពុជា ពិនិត្យលទ្ធភាពលើ សហប្រតិបត្តិការក្នុងវិស័យហេដ្ឋា រចនាសម្ព័ន្ធដឹកជញ្ជូន បណ្តាញអគ្គិសនី បណ្តាញខ្សែកាបអុបទិក ឃ្លាំងស្តុកទំនិញ និងភស្តុភារកម្ម ដើម្បីបង្កើនប្រសិទ្ធភាពសមាហរណកម្ម នៃកិច្ចសហប្រតិបត្តិការ សមត្ថភាពផលិតកម្មកម្ពុជា-ចិន ដែល មានលក្ខណៈចម្រុះ ។

ភាគីទាំងពីរបានឯកភាពជំរុញ កិច្ចសហប្រតិបត្តិការលើ វិស័យថាមពលវារីអគ្គិសនី ថាមពល ដើរដោយពន្លឺ និងប្រភពថាមពលស្អាតដទៃទៀត និងស្វែងរកដំណោះស្រាយកិច្ចសហប្រតិបត្តិការ ថាមពលស្ថិរភាព និងបៃតង ដែលអាចពឹងផ្អែកបាន។ ជំរុញការបង្កើតគម្រោង តំបន់បង្ហាញការបញ្ចេញ កាបូនតិច កម្ពុជា-ចិន នៃកិច្ចសហប្រតិបត្តិការត្បូង-ត្បូង ស្តីពីការប្រែប្រួលអាកាសធាតុ នៅខេត្តព្រះសីហនុ។
ភាគីទាំងពីរបានឯកភាពអនុវត្តអនុស្សរណៈ នៃការយោគយល់គ្នា ស្តីពីផែនការកិច្ចសហ ប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា-ចិន (២០២៣-២០២៥)។ ជំរុញការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ រួមមាន ផ្លូវថ្នល់ ស្ពាន អាងស្តុកទឹក ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ និងខ្សែកាបអុបទិកក្រោមបាត សមុទ្រ។ អនុវត្តតម្រោងផ្លូវជនបទនានា ការផ្គត់ផ្គង់ទឹក សាលារៀន និងគម្រោងវេជ្ជសាស្ត្រនានា នៅកម្ពុជា ដើម្បីលើកកម្ពស់ជីវភាពរស់ នៅរបស់ប្រជាពលរដ្ឋ។
ភាគីកម្ពុជាបានថ្លែងអំណរគុណចំពោះ ការគាំទ្រផ្នែកហិរញ្ញវត្ថុ របស់ប្រទេសចិន ក្នុងទម្រង់នានា សម្រាប់ការអនុវត្តគម្រោងនានា ពាក់ព័ន្ធនឹង សេដ្ឋកិច្ច និងបច្ចេកទេស និងតម្រោងអភិវឌ្ឍន៍ធនធានមនុស្ស នៅកម្ពុជា៕

To Top