ភ្នំពេញ៖ លោក កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា រួមទាំងបុគ្គលិក បាននាំយកវិភាគទាន ២៨០ ០០០ ០០០រៀល (ពីររយប៉ែតសិបលានរៀល) ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា សម្រាប់ជួយសង្គ្រោះកុមារកម្ពុជា។
យោងតាម គណនីហ្វេសប៊ុក «ក្រគរ កែវ រតនៈ» បានឱ្យដឹងថា ថ្នាក់ដឹកនាំ និងបុគ្គលិកអគ្គិសនី កម្ពុជាអបអរបុណ្យ នៃក្តីស្រលាញ់ឆ្នាំ២០២៣ ដោយនាំយកវិភាគទានផ្ទាល់ខ្លួន និងស្ម័គ្រចិត្តជួយមន្ទីរពេទ្យគន្ធបុប្ផា សម្រាប់ជួយសង្គ្រោះកុមារខ្មែរ។
ប្រភពដដែលបន្ថែមថា ចាប់ពីឆ្នាំ ២០១៥ មកវិភាគទានបែបនេះ មានសរុបប្រមាណ២១៦ ៤៦៩ ដុល្លារ ហើយអគ្គិសនីកម្ពុជា ក៏បានបន្ថែមថវិកាចំនួន ១២០ ០០០ ដុល្លារ ផ្សេងទៀតជូន មន្ទីរពេទ្យផងដែរ។
លោក កែវ រតនៈ បានពាំនាំការកោតសរសើរ និងមនោសញ្ចេតនារបស់ថ្នាក់ដឹកនាំ និងបុគ្គលិកអគ្គិសនីកម្ពុជា ទូទាំងប្រទេស ជូនចំពោះថ្នាក់ដឹកនាំនិងបុគ្គលិកមន្ទីរពេទ្យ ដែលបានប្រឹងប្រែងសង្គ្រោះកុមារ ខ្មែរផងដែរ៕