ភ្នំពេញ៖ នៅក្នុងដំណើរទស្សនកិច្ចរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ទៅកាន់ប្រទេសចិន ភាគីទាំងពីរ (កម្ពុជា-ចិន) បានចុះហត្ថលេខា លើលិខិតប្រគល់ទទួល នូវទឹកប្រាក់ហិរញ្ញប្បទានឥតសំ ណង ចំនួន ៤,៤លានដុល្លាអាមេរិក សម្រាប់គម្រោងកាត់បន្ថយយុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅប្រទេសកម្ពុជា ។
ពិធីចុះហត្ថលេខានេះ ធ្វើឡើងក្រោមអធិបតីភាព នាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរ ដោយក្នុងនោះ ភាគីកម្ពុជា ចុះហត្ថលេខាដោយ លោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ភាគីចិនចុះហត្ថលេខាដោយលោក វ៉ាង វិនថាវ (Wang Wentao)រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។
ក្នុងនាមជាអគ្គនាយក មជ្ឈមណ្ឌលសកម្មភាព កម្ចាត់មីនកម្ពុជា (CMAC) ស៊ីម៉ាក់ លោក ហេង រតនា បានសម្ដែងការអបអរសាទរ ចំពោះជំនួយរបស់មិត្តចិននេះ ។
ឆ្លៀតក្នុងឱកាសនេះតាងនាមមន្ត្រី-បុគ្គលិកអង្គភាពស៊ីម៉ាក់ ក៏ដូចប្រជាពលរដ្ឋ ដែលបានទទួលផលប្រយោជន៍ ដោយផ្ទាល់ពីជំនួយនេះ លោក ហេង រតនា សូមគោរពអរគុណ សម្តេចតេជោជាអនេកប្បការ និងសូមបញ្ជាក់ជូនថា កន្លងមកចាប់ពីឆ្នាំ២០១៨ រដ្ឋាភិបាលចិន បានផ្តល់ជំនួយដូចគ្នានេះ ចំនួន២លើកមកហើយ ដែលមានថវិកាចំនួន១០លានដុល្លារ (លើកទី១ ២០១៨-២០១៩ ចំនួន២,៥លានដុល្លារ លើកទី២ ពីឆ្នាំ២០២០-២០២២ មានចំនួន៧,៥លានដុល្លា) ហើយការផ្ទេរប្រគល់ហិរញ្ញប្បទានឥតសំណង ចំនួន៤,៤លានដុល្លារ នាពេលនេះ ជាថវិកាឆ្នាំទី១ នៃការចាប់ផ្តើមអនុវត្ត គម្រោងលើកទី៣ មានហិរញ្ញប្បទានឥតសំណង ចំនួន១៣,២លានដុល្លារអាមេរិក សំរាប់រយ:ពេល៣ឆ្នាំ(២០២៣-២០២៥) ដែលក្នុងមួយឆ្នាំៗមានថវិកាចំនួន៤,៤លានដុល្លារ៕