ខេត្តកោះកុង៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ ជលយាន ខេត្តព្រះសីហនុ បានចាត់បញ្ជូនក្រុមការងារជួយសង្គ្រោះ និងអូប៊រ័ល្បឿនលឿនចំនួន ២គ្រឿង ចេញទៅអន្តរាគមន៍ជួយសង្គ្រោះជនរងគ្រោះ ដែលបានលិចទូកដឹកទំនិញមួយគ្រឿង កាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នៅចំណុច ពយកៀនទឹក ឃុំចម្លងគោ ស្រុកបទុមសាគរ ខេត្តកោះកុង។
លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៌ឲ្យដឹងថា ជនរងគ្រោះនៅលើទូកនេសាទទាំងអស់ មានចំនួន០៣នាក់ ក្នុងនោះមានម្ចាស់ទូកម្នាក់ កម្មករទូក០១នាក់ និងអ្នករួមដំណើរ០១នាក់ មានឈ្មោះដូចខាងក្រោម៖
១.ឈ្មោះ ប៉ែន ហៀប អាយុ៤២ឆ្នាំ ជាម្ចាស់ទូក មានទីលំនៅ ភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។
២.ឈ្មោះ អ៊ុក អៀង អាយុ ២៣ ឆ្នាំ (កូនដៃទូក) ទីលំនៅ ភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។
៣.ជាអ្នករួមដំណើរ មិនស្គាល់អត្តសញ្ញាណ ក្រោយកើតហេតុ គ្រួសារមកទទួលយកទៅភ្លាមៗ។
តាមការរៀបរាប់របស់ជនរងគ្រោះបញ្ជាក់ថា មូលហេតុដែលនាំឲ្យលិចទូកគឺបណ្តាលមកពី ទឹកហូរចូលទូកលឿន ហើយឧបករណ៏បូមទឹករបស់ទូកបូមអត់ទាន់ ទើបបណ្តាលឲ្យទឹកចូលទូកច្រើនលិចតែម្តង។
សុំបញ្ជាក់ថា សម្ភារៈលើទូករួមមាន គ្រឿងសំណង់ នឹងទំនិញប្រេីប្រាស់មួយចំនួនទៀត ។
បច្ចុប្បន្នជនរងគ្រោះទាំង៣នាក់ ត្រូវបានជួយសង្គ្រោះដោយសុវត្ថិភាព មិនប៉ះពាល់ដល់អាយុជីវិតទេ ចំណែកក្រុមការងារសង្គ្រោះGTVC របស់លោកឧកញ៉ា ក៏កំពុងបន្តនៅកន្លែងកើតហេតុ ដើម្បីជួយប្រមូលទំនិញឡើងវិញជូនជនរងគ្រោះផងដែរ៕