ព័ត៌មានជាតិ

អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យម្នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទជាង១០លើក

ជនសង្ស័យឈ្មោះ ទេព បូរ៉ា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅ ភូមិតាកេរ្ត៍ថ្មី សង្កាត់កំបូល ខណ្ឌកំបូល ត្រូវបានកម្លាំងល្បាតអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌកំបូល ឃាត់ខ្លួន កាលពីវេលាម៉ោង១៨:១០នាទី ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ នៅចំណុចភូមិតាសេក សង្កាត់កំបូល ខណ្ឌកំបូល បន្ទាប់ពីជនសង្ស័យបានធ្វើសកម្មភាពឆក់ទូរស័ព្ទ នៅចំណុចផ្លូវបេតុង ជិតសាលាសង្កាត់កំបូល ខណ្ឌកំបូល កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣។ វត្ថុតាងចាប់យក ៖ ម៉ូតូ០១គ្រឿងម៉ាក ឌ្រីមសង់ស៊េរី០១៣ ពាក់ស្លាកលេខ ភ្នំពេញ 1FM-7239 (ម៉ូតូជិះធ្វើសកម្មភាពឆក់)។

ក្រោយពេលស្តាប់ចម្លើយជនសង្ស័យ ទេព បូរ៉ា បានសារភាពឲ្យដឹងថា កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ រូបខ្លួន និងបក្ខពួកម្នាក់ទៀត ឈ្មោះ អាទីង ពិតជាបានជិះម៉ូតូ០១គ្រឿងម៉ាក ឌ្រីមសង់ស៊េរី០១៣ ពាក់ស្លាកលេខ ភ្នំពេញ 1FM-7239 ធ្វើសកម្មភាពឆក់ ទូរស័ព្ទ០១គ្រឿងម៉ាក OPPO បានសម្រេច នៅចំណុចផ្លូវបេតុង ជិតសាលាសង្កាត់កំបូល ខណ្ឌកំបូល ពិតប្រាកដមែន ហើយកន្លងមក រូបខ្លួនជាមួយបក្ខពួកផ្សេងទៀត ធ្លាប់បានធ្វើសកម្មភាពឆក់ទូរស័ព្ទ យ៉ាងសកម្ម ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ជាពិសេសក្នុងទឹកដីខណ្ឌកំបូល និង ពោធិ៍សែនជ័យ ក្នុងនោះមានដូចជា៖

  • លើកទី១ និងលើកទី២ ឆក់ទូរស័ព្ទនៅមុខរោងចក្រយ៉ាកជីង ជាមួយឈ្មោះ តុលា បានទូរស័ព្ទ OPPO ចំនួន២គ្រឿង លក់បានលុយ (២៦ម៉ឺន),
  • លើកទី៣ និង លើកទី៤ ឆក់នៅមុខកន្លែងលក់សាច់ក្រក ក្នុងខណ្ឌកំពូល ជាមួយបក្ខពួក (មិនស្គាល់ឈ្មោះ) បានទូរស័ព្ទ២គ្រឿង ម៉ាក VIVO (លក់បានលុយ៥៥ម៉ឺនរៀល),
  • លើកទី៥ ឆក់ នៅកន្លែងដីវាលភូមិគល់ សង្កាត់កន្ទោក បានទូរស័ព្ទ ១គ្រឿង ម៉ាក OPPO លក់បានលុយ (៦ម៉ឺនរៀល) ជាមួយឈ្មោះ អាទីង,
  • លើកទី៦ ឆក់ នៅបុរីកំបូល១ បានទូរស័ព្ទ ១គ្រឿង ម៉ាកOPPO បានលុយ (១០ម៉ឺន) ជាមួយឈ្មោះ អាទីង,
  • លើកទី៧ ឆក់ នៅមុខតំបន់សេដ្ឋកិច្ចពិសេស បានទូរស័ព្ទ១គ្រឿងម៉ាក OPPO លក់បានលុយ(១០ម៉ឺនរៀល) ជាមួយឈ្មោះ អាទីង,
  • លើកទី៨ ឆក់ នៅម្តុំចោមចៅ បានទូរស័ព្ទ១គ្រឿងម៉ាក VIVO លក់បានលុយ(២៤ម៉ឺនរៀល) ជាមួយបក្ខពួក មិនស្គាល់ឈ្មោះ,
  • លើកទី៩ ឆក់នៅម្តុំផ្លូវវេងស្រេង បានទូរស័ព្ទ ១គ្រឿងម៉ាក OPPO លក់បានលុយ (៨ម៉ឺនរៀល) ជាមួយបក្ខពួក មិនស្គាល់ឈ្មោះ,
  • លើកទី១០ ឆក់នៅម្តុំថ្នល់ទទឹងបានទូរស័ព្ទ ១គ្រឿងម៉ាក VIVO ជាមួយបក្ខពួក មិនស្គាល់ឈ្មោះ,
  • លើកទី១១ ឆក់ នៅផ្សារព្រៃផ្តៅ បានទូរស័ព្ទ ០១គ្រឿងម៉ាក OPPO លក់បានលុយ (១១ម៉ឺនរៀល) ជាមួយបក្ខពួក មិនស្គាល់ឈ្មោះ និង
  • លើកទី១២នេះ បានធ្វើសកម្មភាពឆក់បានទូរស័ព្ទ០១គ្រឿងម៉ាក OPPO នៅចំណុចផ្លូវបេតុង ជិតសាលាសង្កាត់កំបូល កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ ជាមួយបក្ខពួកម្នាក់ទៀត ឈ្មោះ អាទីង។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងត្រូវបានកម្លាំងជំនាញនៃការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ រីឯបក្ខពួកជនសង្ស័យដែលបាន រត់គេចខ្លួន កម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ កំពុងធ្វើការស្រាវជ្រាវតាមឃាត់ខ្លួនបន្ត៕

To Top