ព័ត៌មានជាតិ

សម្តេចតេជោ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅឡាវ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅឡាវ។ ដំណើរទស្សនកិច្ចនេះ មានរយៈពេល២ថ្ងៃពីថ្ងៃទី១៣-១៤ ខែកុម្ភៈ តបតាមការអញ្ជើញរបស់ លោក សន សៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ។

យោងតាមសេចក្តីប្រកាសព័ត៌មានពីក្រសួងការបរទេសខ្មែរបានឲ្យដឹងថា ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ សម្តេចតេជោនឹងមានជំនួបសម្តែងការគួរសមដោយឡែកពីគ្នា ជាមួយលោកបណ្ឌិត ថងលុន ស៊ីសុលីត ប្រធានរដ្ឋឡាវ និងលោកបណ្ឌិត សៃស៊ុមផន ភុមវិហាន ប្រធានរដ្ឋសភាឡាវ ក៏ដូចជា ទទួលការជួបសម្តែងការគួរសមពីសំណាក់ប្រធានសមាគមមិត្តភាពឡាវ-កម្ពុជា។

ក្នុងដំណើរទស្សនកិច្ចនេះ សម្តេចតេជោក៏នឹងមានជំនួបទ្វេភាគីជាមួយសមភាគី លោកនាយករដ្ឋមន្ត្រី សន សៃ ស៊ីផាន់ដន ដើម្បីពិភាក្សាអំពីមធ្យោបាយក្នុងការពង្រីកបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ រួមទាំងសន្តិសុខ-នយោបាយ, សង្គម-សេដ្ឋកិច្ច និងផ្លាស់ប្តូរយោបល់លើបញ្ហាអនុតំបន់ តំបន់ និងអន្តរជាតិ ដែលមានផលប្រយោជន៍ និងជាក្តីបារម្ភរួម។

នៅក្រោយជំនួបពិភាក្សាការងារ នាយករដ្ឋមន្ត្រីទាំងពីរ នឹងចុះហត្ថលេខាលើ «ផែនការសកម្មភាព សម្រាប់ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែង រវាងកម្ពុជា និងឡាវ សម្រាប់ឆ្នាំ២០២៣-២០២៧»៕

To Top