ភ្នំពេញ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ ប្រកាសសមាសភាពក្រុមប្រឹក្សាភិបាលអាណត្តិថ្មី និងប្រគល់បណ្ណសរសើរគ្រូ ឆ្នើមប្រចាំឆ្នាំ២០២២ ដល់លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំ នៃសហព័ន្ធសេវាអប់រំនៅកម្ពុជា ។
លោក សូមចូលរួមអបអរសាទរជាមួយ ថ្នាក់ដឹកនាំទាំងអស់នៃសហព័ន្ធសេវាអប់រំនៅកម្ពុជា ដែលបានរួមគ្នាសម្រេចនូវសមិទ្ធផលជាច្រើន ចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ២០២០ ជាពិសេសការបន្តផ្តល់ការគាំទ្រ យ៉ាងសកម្មដល់សមាជិករបស់ខ្លួន ក៏ដូចជាការចូលរួមអនុវត្តគោលនយោបាយ វិស័យអប់រំនានារបស់រាជរដ្ឋាភិបាល ។ ទន្ទឹមនឹងនេះ សូមអបអរសាទរនូវការប្រកាស សមាសភាពក្រុមប្រឹក្សាភិបាលអាណត្តិថ្មី នៃសហព័ន្ធសេវាអប់រំនៅកម្ពុជា ដែលជាតឹកតាងដ៏ត្រឹមត្រូវនៃការលូតលាស់ និងការរួបរួមគ្នាក្នុងធ្លុងសាមគ្គី ជាកម្លាំងចលករតែមួយនៃវិស័យឯកជន នៅក្នុងសេវាអប់រំរបស់កម្ពុជា ហើយសង្ឃឹមថា សហព័ន្ធនឹងបន្តអនុវត្តបេសកកម្មដ៏ថ្លៃថ្លារបស់ខ្លួន ក្រោមកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ជាមួយនឹងរាជរដ្ឋាភិបាល ជាពិសេសក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងក្រសួង-ស្ថាប័ន ពាក់ព័ន្ធនានាជាបន្តបន្ទាប់ទៀត។ ជាមួយគ្នានេះដែរ ក៏សូមអបអរសាទរដល់លោកគ្រូ អ្នកគ្រូឆ្នើម ដែលបានបម្រើយ៉ាងសកម្មនៅក្នុងកិច្ចការអប់រំ និងបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា ប្រកបដោយក្តីស្រលាញ់ ការទទួលខុសត្រូវខ្ពស់ និងមនសិការវិជ្ជាជីវៈខ្ពស់ នៅក្នុងឆ្នាំសិក្សា ២០២១-២០២២ នេះ ។
លោកបណ្ឌិត ក៏សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះបេសកកម្ម ដ៏មោះមុតរបស់សហព័ន្ធសេវាអប់រំនៅកម្ពុជា ជាពិសេសការជួយទំនុកបម្រុង ដល់គ្រឹះស្ថានសិក្សាចំណេះដឹងទូទៅឯកជន ដែលជាសមាជិកឱ្យនៅបន្ត មានដំណើរការប្រកបដោយនិរន្តរភាព នៅក្នុងអំឡុងវិបត្តិនៃជំងឺកូវីដ-១៩។ ទន្ទឹមនឹងនេះ ក៏សូមថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ សមាជិក-សមាជិការបស់សហព័ន្ធសេវាអប់រំ នៅកម្ពុជាទាំងអស់ ដែលបានលះបង់ធនធាន រួមចំណែកជាវិភាគទានជាមួយរាជរដ្ឋាភិបាល នៅក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកិច្ចការសង្គមផ្សេងៗ ជាពិសេស ការផ្តល់អាហារូបករណ៍ជូនដល់សិស្សក្រីក្រ និងសិស្សឆ្នើមនានានាពេលកន្លងមក។ កត្តាទាំងអស់នេះសរបញ្ជាក់ថា វិស័យឯកជនគឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍរបស់កម្ពុជា និងជាដៃគូដ៏សំខាន់របស់រាជរដ្ឋាភិបាល ដើម្បីជំរុញការសម្រេចបាននូវប្រសិទ្ធភាព នៃការអនុវត្តគោលនយោបាយ ដូចជាគោលនយោបាយនៃវិស័យអប់រំ របស់រាជរដ្ឋាភិបាល ជាដើម ។
លោក ម៉ាណែត ចាត់ទុក ការអប់រំជាការសំខាន់ សម្រាប់មនុស្សគ្រប់ស្រទាប់វណ្ណៈ និងគ្រប់ជាតិសាសន៍ ព្រោះថាធនធានមនុស្សគឺជា មូលដ្ឋានចម្បងដើម្បីធ្វើឱ្យប្រទេសមួយ ធ្វើដំណើរឆ្ពោះទៅការអភិវឌ្ឍ រីកចម្រើនប្រកបដោយចីរភាព ភាពប្រកួតប្រជែង និងធានាបាននូវអធិបតេយ្យ និងភាពឯករាជ្យម្ចាស់ការយូរអង្វែង។ មានទស្សនៈខ្លះលើកទ្បើងថា ក្នុងយុគសម័យបច្ចេកវិទ្យាទំនើប គេព្យាយាមជំរុញមនុស្សឱ្យធ្វើការដូចជាម៉ាស៊ីន ឬម៉ាស៊ីនអាចមានសុភវិនិច្ឆ័យដូចជាមនុស្ស តែទោះជាយ៉ាងការណ៍ពីរនេះ មិនអាចមានភាពប្រត្យក្សច្បាស់បានទ្បើយ។ កត្តាបីយ៉ាងដែលមនុស្សអាច ទទួលបានការបណ្តុះបណ្តាល ដើម្បីទទួលបានប្រសិទ្ធភាព ប្រហាក់ប្រហែលនឹងគ្រឿងម៉ាស៊ីន មានជាអាទិ៍៖ ១. បណ្តុះបណ្តាលមនុស្សឱ្យធ្វើការងារ ដោយមានភាពច្បាស់លាស់ ភាពប្រាកដប្រជា និងធានាបាននិរន្តភាព, ២. បណ្តុះបណ្តាលមនុស្សឱ្យ ចេះមានការជំរុញទឹកចិត្ត និងឯករាជ្យភាពដោយខ្លួនឯងក្នុងការអនុវត្តការងារ, និង ៣. បណ្តុះបណ្តាលឱ្យមានឆន្ទៈ មនសិការ ក្នុងការជួយគ្នាសម្រេចបាននូវ ជោគជ័យក្នុងគ្រប់ភារកិច្ច ក្នុងស្មារតីប្រកួតប្រជែងវិជ្ជមាន។ ទាំងអស់នេះ គឺអាចសម្រេចបានតាមរយៈការអប់រំបណ្តុះបណ្តាល ទាំងជំនាញរឹង ដែលសំដៅទៅលើជំនាញឯកទេស ដូចជាវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ។ល។ និងជំនាញទន់ ដែលសំដៅទៅលើជំនាញដែល ទាក់ទងទៅនឹងផ្នត់គំនិត ការជំរុញទឹកចិត្ត ការមានគុណធម៌ និងសីលធម៌ ជាដើម។ ហើយការបណ្តុះបណ្តាលជំនាញ ទាំងពីរនេះត្រូវមានការដើរទន្ទឹមគ្នា តាំងតែពីកម្រិតបឋមសិក្សា រហូតដល់កម្រិតមធ្យមសិក្សាទុតិយភូមិ។
លោក អំពាវនាវ ឲ្យបន្តជួយថែរក្សាអត្តសញ្ញាណជាតិខ្មែរតាមរយៈការដាក់ការបណ្តុះបណ្តាលភាសាខ្មែរ ជាភាសាកាតព្វកិច្ច នៅក្នុងគ្រឹះស្ថានអប់រំឯកជន គឺជាកត្តាអាទិភាពចម្បង។ ក្នុងន័យនេះ ការជំរុញឱ្យមានការរៀនភាសាខ្មែរ បានជ្រៅជ្រះសម្រាប់សិស្សដែលមានសញ្ជាតិខ្មែរ ព្រមទាំងបញ្ចូលបន្ថែមនូវ ចំណេះដឹងផ្នែកវប្បធម៌ ប្រពៃណីដ៏ល្អផូរផង់ដែលជាតិខ្មែរយើង តែងបានប្រកាន់រៀងមក ដើម្បីធ្វើយ៉ាងណាឱ្យកូនចៅជំនាន់ក្រោយរបស់យើង អាចរក្សាបានទាំងចំណេះដឹង និងអត្តសញ្ញាណពិតប្រាកដរបស់ខ្លួន ៕