ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានធ្វើការណែនាំដល់និស្សិតខ្មែរ កំពុងសិក្សានៅប្រទេសឡាវ កុំជឿតាមការបោកបញ្ឆោតពី ជនអគតិមួយចំនួនដែល បំភ្លៃខុសការពិតពីការដឹកនាំ និងការរីកចំរើនរបស់កម្ពុជា។

នាឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយនិស្សិតកម្ពុជា កំពុងសិក្សានៅឡាវ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេចតេជោបានផ្តាំផ្ញើដល់ និស្សិតទាំងអស់សិក្សានៅក្រៅប្រទេស តួយ៉ាងដូចជានិស្សិតកំពុងសិក្សានៅឡាវ ត្រូវខិតខំសិក្សារៀនសូត្រឲ្យបានគត់មុតបំផុត ដើម្បីនាំយកចំណេះដឹងទាំងនោះ មកបម្រើប្រទេសជាតិជាទីស្រឡាញ់ ឲ្យអស់ពីសមត្ថភាព។

សម្តេចតេជោ ក៏បានក្រើនរំលឹកដល់និស្សិតទាំងអស់ ត្រូវខិតខំធ្វើអំពើល្អ មានទំនាក់ទំនងល្អជាមួយសាស្រ្តចារ្យ និស្សិតនិងនិស្សិត ពិសេសត្រូវធ្វើអំពើល្អជាមួយប្រជាជនឡាវ ចូលរួមការងារសង្គម និងចេះជួយយកអាសាគ្នា ពោលគឺពេលដែលរស់នៅ ជាមួយគ្នាឲ្យគេស្រឡាញ់ ពេលយើងចាកចេញពីគ្នាឲ្យគេនឹករលឹក។

សម្តេចតេជោបញ្ជាក់ថា «ក្រើនរំលឹកដល់និស្សិតទាំងអស់ ត្រូវចេះតាមដានពីសភាពការណ៍ វិវត្តន៍របស់ពិភពលោក និងសភាពការណ៍ក្នុងប្រទេស ពិសេសត្រូវតាមដាន និងស្តាប់ពីអ្វីដែលរីកចំរើនពិតប្រាកដ កុំជឿតាមការបោកបញ្ឆោតពីជនអគតិមួយចំនួន ដែលបំភ្លៃការពិតពីការដឹកនាំ និងការរីកចំរើនរបស់ ប្រទេសកម្ពុជា»។

សម្តេចតេជោក៏បានឧបត្ថម្ភថវិកា មួយចំនួនដល់និស្សិតទាំងអស់ កំពុងសិក្សានៅឡាវផងដែរ។ សម្តេចតេជោ បានស្នើឲ្យមានការយោគយល់ ចំពោះការលំបាករបស់និស្សិត លើអត្រាប្តូរប្រាក់នៅឡាវ ដោយសារតែការជួបវិបត្តិកូវីដ១៩។ សម្តេចតេជោក៏លើកឡើងពី ទំនាក់ទំនងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យជាមួយឡាវដែរ ៕
