ព័ត៌មានជាតិ

អ្នកជំនាញ ៖ ករណីប្រពន្ធដើម បញ្ចេញរូបអាក្រាតកាយ​ ប្រពន្ធចុង តាមសាធារណៈ ជាអំពើខុសឆ្គង

ភ្នំពេញ ៖ ក្រុមអ្នកជំនាញ ខាងផ្នែកការពារសិទ្ធិស្រ្តី និងផ្នែកសីលធម៌សង្គម បានលើកឡើងស្រដៀងគ្នា ទាក់ទងទៅនឹងករណី ស្រ្តីជាប្រពន្ធដើម ខឹងសម្បារប្រពន្ធចុង រហូតវាយទាត់ធាត់ ហើយបញ្ចេញរូបអាក្រាត នៅតាមបណ្តាញសង្គមជាសាធារណៈ ជាអំពើខុសឆ្គងមួយ ដែលមិនគួរឲ្យកើតមានឡើងនោះទេ ។ ពួកគាត់បានលើកទឹកថា បើមានករណីលួចសាហាយស្មន់ កើតឡើងមានតែរកផ្លូវច្បាប់ប៉ុណ្ណោះ ទើបជាដំណោះស្រាយល្អ។

រឿងរ៉ាវនាប៉ុន្មានថ្ងៃចុងក្រោយនេះ កើតចេញពីការផិតក្បត់ របស់ប្តីទៅលួច មានប្រពន្ធចុង រហូតប្រពន្ធដើម តាមទាន់ក៏ឈាន ដល់ប្រើអំពើហិង្សា លើស្រ្តីជាប្រពន្ធចុង កំពុងផ្ទុះការចាប់អារម្មណ៍ ជាខ្លាំង ដោយសារទាំងរូបភាព និងវិដេអូបង្ហាញពីស្រ្តីជាប្រពន្ធចុង មិនមានសំលៀកបំពាក់ជាប់ខ្លួននោះទេ គឺមានតែភួយរុំខ្លួនប៉ុណ្ណោះ ។ តាមរយៈរូបភាពនិងវិដេអូទាំងនោះ ត្រូវបានគេដឹងថា ប្រពន្ធដើមជាបង្ហោះក្នុងហ្វេសប៊ុកលើអាខោនផ្ទាល់ខ្លួន ក្រោយនាំគ្នីគ្នាទៅប្រើហិង្សា លើប្រពន្ធចុង រហូតដល់ចាប់ស្រាត ខោអាវប្រពន្ធចុង ។ ក្រោយរូបភាព និងមានខ្លឹមសារមានន័យថា ដណ្តើមប្តីគេនោះ ត្រូវបានអ្នកនិយមលេងបណ្តាញ សង្គមហ្វេសប៊ុក ដាក់បន្ទុកលើស្រ្តីជាប្រពន្ធយ៉ាងចាស់ដៃ ។
ចំពោះករណីដូចខាងលើនេះ ពិតជាមិនសមហេតុ និងជាអំពើខុសច្បាប់ មិនគួរកើតមានឡើងទេ ដែលប្តីទៅលួចមានស្រីខាងក្រៅ (ប្រពន្ធចុង) ។ ចំពោះប្រពន្ធដើមនាំគ្នាទៅវាយស្រ្តី ជាប្រពន្ធចុងរហូតទ្រមខ្លួនក៏មិនត្រូដែរ ។ ដូចនេះបើដឹងថា មានរឿងបែបនេះ កើតឡើងគឺ មានតែទៅរកផ្លូវច្បាប់ប៉ុណ្ណោះ ទើបអាចដោះស្រាយបាន។

លោកស្រី ញ៉ែម មរកត អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី បានលើកក្នុងបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃ១១ កុម្ភៈថា “ខ្ញុំមិនគាំទ្រទេប្តីធ្វើបាបចិត្ត ប្រពន្ធឬប្រើហិង្សា ប៉ុន្តែទង្វើរបស់ប្អូនស្រី និងមនុស្សមួយចំនួន ដែលនាំគ្នាទៅប្រើអំពើហិង្សាលើស្រ្តីដែលជាដៃគូ វាយ ទាញបោចសក់ រហូតលេចរូបរាងអាក្រាត របស់ស្ត្រីដែលជាដៃគូររបស់ប្តីខ្លួន រិតតែមិនគាំទ្រ ។ រឿងប្តីធ្វើបាប និងមានស្រីគឺ ជារឿងដែលប៉ះពាល់ដល់ការរស់នៅ និងអារម្មណ៍ ផ្លូវចិត្តរបស់ប្រពន្ធដើមៗ ត្រូវដោះស្រាយជាមួយប្តី ដោយសន្តិវិធី និងតាមផ្លូវច្បាប់” ។ ដល់ប្រពន្ធដើមនាំគ្នា ទៅប្រើហិង្សាលើស្វាមី និងស្រ្តីរបស់គាត់ចឹង ប្រពន្ធដើមនិងបក្ខពួក បានក្លាយជាជនដៃដល់ដែលប្រព្រឹត្តផ្ទុយនឹងផ្លូវច្បាប់ ពិសេសថតបង្ហោះជាសាធារណៈទៀត រឹតតែធ្វើឲ្យប៉ះពាល់ ដល់សីលធម៌សង្គម តម្លៃស្ត្រី និង គ្រួសារខ្មែរយ៉ាងខ្លាំង ។ រូបភាពអាក្រាតកាយនេះ គឺជាស្ត្រីខ្មែរ ដែលគេនឹងស៊ែ ដល់ប្រទេសផ្សេងៗទៀតមើលបន្ត” ។

លោកស្រីថា មានរឿងអ្វីត្រូវនិយាយជាមួយប្តី នាំគ្នាប្រើហិង្សាបែបនេះមិនត្រឹមត្រូវឡើយ ហើយអ្នកដែលខមមិនឲ្យ គេវាយប្រពន្ធចុងឬប្តី មិនមែនជាសារអប់រំទេ តែជាការញ៉ុះញ៉ុង ឲ្យមានអំពើហិង្សាទៅវិញ ។
បើតាមលោកស្រី ក្រោយស្រ្តីជាប្រពន្ធដើម បានបង្ហោះរូបនោះ គឺបានលុបចេញពីហ្វេសប៊ុកហើយ។

ចំណែក លោកបណ្ឌិត ឈត ប៊ុនថង មន្ដ្រីស្រាវជ្រាវផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិតសភាកម្ពុជា បានប្រាប់ជម្ឈមណ្ឌលព័ត៌មានដើមអម្ពិល នាថ្ងៃ១៣ កុម្ភៈថា “ករណីសាហាយស្មន់ ករណីផិតក្បត់ក៏ដូចគ្នាគេមានច្បាប់ ។ ច្បាប់ហ្នឹងក៏គេមិនអនុញ្ញាតឲ្យប្រើហិង្សាឬក៏បង្ហាញរូបអាក្រាត រូបអាសអាភាសអ្នកពាក់ព័ន្ធនៅតាមទីសាធារណៈទេ ។ កាលណាយើងធ្វើបែបហ្នឹង វាជាការខុសឆ្គង ទោះបីជាការវាក់អើ(ឃើញដោយអចេតនា) គាត់ចូលទៅឃើញក៏ដោយក៏អាចថតទុកជាភស្តុតាង តែមិនមែនយកទៅបង្ហាញជាសាធារណៈទេ ។ កាលណាធ្វើស្អីក៏ដោយខុសពីគោលការណ៍នីតិវិធីច្បាប់ ខុសពីគោលការណ៍សីលធម៌ ទោះបីយើងជាអ្នកត្រូវក៏ដោយ ក៏យើងនៅមានកំហុសដែរ”។
លោកថា ប្រពន្ធដើមជាអ្នកត្រូវហើយ គ្មានអ្វីខុសនោះទេដែលស្វាមីលួចផិតក្បតទៅមានស្រីខាងក្រៅ ប៉ុន្តែការណ៍ដែលខុសនោះ គឺការធ្វើសកម្មភាពជេរប្រទេចបណ្តាសារ និងធ្វើរូបភាពឲ្យខុសច្បាប់នោះ គឺខ្លួនឯងជាអ្នកខុសច្បាប់ហើយ។

លោកក៏បានផ្ញើសារទៅអ្នកខំមិនថា មុនបញ្ចេញមតិអ្វីមួយត្រូវសិក្សាឲ្យបានគ្រប់ជ្រុងជ្រោយ ត្រូវបញ្ចេញអ្វីដែលសមរម្យ ឲ្យមានសីលធម៌ក្នុងខ្លួន។

បើតាមច្បាប់បានចែងថា បុរសដែលមានប្រពន្ធ ហើយទៅរួមភេ.ទជាមួយស្រ្តីផ្សេង(អាពាហ៍ពិពាហ៍) ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ខែ ដល់ ១ឆ្នាំ។ ដោយឡែក ខណៈករណីអំពើហិង្សាដោយចេតនាត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី១ឆ្នាំ ដល់៣ឆ្នាំ ។ ប៉ុន្តែ បើអំពើហិង្សាង្សានេះ ប្រព្រឹត្តដោយមានមនុស្សច្រើន ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំ ដល់៥ឆ្នាំ៕

To Top