ព័ត៌មានជាតិ

សម្ដេចតេជោ ស្នើឡាវបើកការហោះហើរត្រង់ ពីវៀងច័ន្ទន៍-ភ្នំពេញ ឡើងវិញ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានស្នើភាគីឡាវ ឲ្យបើកការហោះហើរត្រង់ ពីទីក្រុងវៀងច័ន្ទន៍-ភ្នំពេញ ឡើងវិញ ដើម្បីរួមចំណែកជំរុញវិស័យទេសចរណ៍ ដែលជាវិស័យមានសក្តានុពល ហើយកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការស្តារសេដ្ឋកិច្ចប្រទេសទាំងពីរ ក្រោយព្រឹត្តិការណ៍ជំងឺឆ្លងកូវីដ-១៩។ នេះបើតាមសម្តេច ក្នុងជំនួបពិភាក្សាការងារទ្វេភាគី រវាងជាមួយ លោក សន សៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ។

ក្នុងជំនួបនោះមេដឹកនាំទាំងពីរ ក៏បានស្វាគមន៍ចំពោះការងើបឡើងវិញ នៃវិស័យទេសចរណ៍ និងការបើកឡើងវិញនូវ ជើងហោះហើរត្រង់​ ពីហ្លួងប្រាបាង-ប៉ាកសេ-សៀមរាប នៅថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយក្រុមហ៊ុនអាកាសចរណ៍ឡាវផងដែរ។

ភាគីទាំងពីរ ក៏បានពិភាក្សាគ្នាយ៉ាងស៊ីជម្រៅ ក្នុងបរិយាកាសរីករាយស្និទ្ធស្នាល និងយោគយល់គ្នាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី លើគ្រប់វិស័យ រួមមាន៖ នយោបាយ សន្តិសុខ ការពារជាតិ កិច្ចការព្រំដែន និងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន សេដ្ឋកិច្ច-សង្គម ពាណិជ្ជកម្ម និងការវិនិយោគ ការតភ្ជាប់ផ្លូវអាកាស ទេសចរណ៍ ថាមពល និងការអប់រំ ជាដើម សំដៅពូនជ្រំថែមទៀត​ នូវទំនាក់ទំនងជាមិត្តភាព និងភាតរភាពរវាងកម្ពុជា-ឡាវ។ លើសពីនេះ មេដឹកនាំទាំងពីរក៏បានធ្វើការកត់សម្គាល់ដោយការពេញចិត្ត ចំពោះពាណិជ្ជកម្មទ្វេភាគីបានកើនឡើងពី១៦០លានដុល្លារ ក្នុងឆ្នាំ២០២១ ដល់២១០លានដុល្លារ នៅឆ្នាំ២០២២។

ផ្ទាំងពាណិជ្ជកម្ម

នាឱកាសនោះ សម្ដេចតេជោ ក៏បានលើកអំពីច្បាប់វិនិយោគថ្មីរបស់កម្ពុជា ដែលផ្តល់លក្ខខណ្ឌល្អប្រសើរ និងបរិយាកាសអំណោយផល ដល់វិនិយោគិនបរទេស និងបានលើកទឹកចិត្តឲ្យភាគីទាំងពីរ ពន្លឿនបញ្ចប់ការចរចាលើកិច្ចព្រមព្រៀង ស្ដីពីការចៀសវាងការយកពន្ធត្រួតគ្ន (DTA) ដើម្បីជំរុញបន្ថែមទៀត នូវពាណិជ្ជកម្មទ្វេភាគី និងសកម្ម ភាពសេដ្ឋកិច្ចនៃប្រទេសទាំងពីរ។

សម្តេចតេជោ បានលើកទឹកចិត្តឲ្យភាគីទាំងពីរបង្កើន ការរៀបចំព្រឹត្តិការណ៍ផ្គូរផ្គង ដៃគូពាណិជ្ជកម្ម ការតាំងពិព័រណ៍ និងសិក្ខាសាលា ដើម្បីផ្ដល់ឱកាសកាន់តែច្រើនសម្រាប់ ការផ្លាស់ប្តូរពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ៕

To Top