ព័ត៌មានជាតិ

កម្ពុជា-ឡាវ ឯកភាពដោះស្រាយ បញ្ហាព្រំដែនសេសសល់ ដោយឈរលើមូលដ្ឋាន យោគយល់គ្នា

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោក សនស ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ បានឯកភាពគ្នាដោះស្រាយបញ្ហាព្រំដែន ដែលនៅសេសសល់ ដោយឈរលើមូលដ្ឋានយោគយល់គ្នា ទៅវិញទៅមក និងដោយសន្តិវិធី។

ក្នុងជំនួបពិភាក្សាការងារទ្វេភាគីរវាង សម្ដេចតេជោ ជាមួយ លោក សនសៃ ស៊ីផាន់ដន នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ភាគីទាំងពីរបង្ហាញការពេញចិត្ត ចំពោះវឌ្ឍនភាពរបស់គណៈកម្មការចម្រុះ ព្រំដែនកម្ពុជា-ឡាវ ដែលបានធ្វើការខណ្ឌសីមា និងបោះបង្គោលព្រំដែន បាន១២១បង្គោល ស្មើនឹង ៨៦% នៃព្រំដែនរួម និងបានឯកភាពគ្នាដោះស្រាយបញ្ហាព្រំដែន ដែលនៅសេសសល់ ដោយឈរលើមូលដ្ឋាន យោគយល់គ្នាទៅវិញទៅមក និងដោយសន្តិវិធី។ សម្តេចតេជោ បានចាត់ទុកថា «ថ្ងៃនេះ ជាថ្ងៃប្រវត្តិសាស្ត្រ សំរាប់ប្រជាជាតិយើងទាំងពីរ»។

ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យថាមពល ភាគីទាំងពីរ បានឯកភាពជំរុញឲ្យក្រសួងពាក់ព័ន្ធ នៃប្រទេសទាំងពីរ បន្តអនុវត្តប្រកបដោយប្រសិទ្ធភាព នូវអនុស្សរណៈនៃការយោគយល់គ្នា និងកិច្ចព្រមព្រៀងនានា ដែលមានស្រាប់ស្ដីពីកិច្ចសហប្រតិបត្តិការ ថាមពលរវាងកម្ពុជា និង ឡាវ ដើម្បីធានាស្ថិរភាព និងសន្តិសុខថាមពល រវាងប្រទេសទាំងពីរ។

ចំពោះកិច្ចសហប្រតិបត្តិការ លើវិស័យសន្តិសុខ និងការពារជាតិ ភាគីទាំងពីរ បានឯកភាពគ្នាពង្រឹង កិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ឲ្យមានប្រសិទ្ធភាព តាមរយៈ ការចែករំលែកព័ត៌មាន រវាងអាជ្ញាធរនៅតាមតំបន់ព្រំដែន ឲ្យទាន់ពេលវេលា។

នាឱកាសនោះ នាយករដ្ឋមន្ដ្រី កម្ពុជា-ឡាវ ក៏បានឯកភាពគ្នាជំរុញ ឲ្យភាគីទាំងពីរបន្តការផ្លាស់ប្ដូរបញ្ញាវន្ត អ្នកស្រាវជ្រាវ ផ្លាស់ប្ដូរស្នាដៃបោះពុម្ភផ្សាយ ស្នាដៃស្រាវជ្រាវ និងរៀបចំកម្មវិធីនានា ដើម្បីចែករំលែកចំណេះដឹង និងការស្រាវជ្រាវ រវាងរាជបណ្ឌិត្យសភាកម្ពុជា និងបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមឡាវ ។

មេដឹកនាំទាំងពីរ បានជំរុញឱ្យភាគីទាំងពីរ ពន្លឿនបញ្ចប់ការស្រាវជ្រាវរួមគ្នាស្តីពី ទំនាក់ទំនងកម្ពុជា-ឡាវ៖ ប្រវត្តិសាស្ត្រ វប្បធម៌ និង ទំនាក់ទំនងប្រជាជននៅតាមបណ្ដោយព្រំដែន នៃប្រទេសទាំងពីរ និងការរៀបចំវចនានុក្រម ឡាវ-ខ្មែរ និង ខ្មែរ-ឡាវ ដើម្បីជួយសម្រួល ដល់ការសិក្សារបស់សិស្ស និស្សិត នៃប្រទេសទាំងពីរ៕

To Top