ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានចាត់ទុក មេដាយផូសៃឡានសាង ដែលសម្ដេច ទទួលបានមិត្តឡាវនោះ គឺជាមោទកភាពសម្រាប់ប្រជាជនខ្មែរទាំងមូល ព្រមទាំងជានិមិត្តរូបដ៏មានសារៈសំខាន់ នៃទំនាក់ទំនងដ៏រឹងមាំរវាងប្រទេសទាំងពីរ។
ក្នុងពិធីទទួលគ្រឿងឥស្សរិយយសថ្នាក់ខ្ពស់បំផុតពីលោកបណ្ឌិត ថងលួន ស៊ីសូលីត ប្រធានាធិបតីឡាវ មានឈ្មោះថា «មេដាយផូសៃឡានសាង» នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ សម្ដេចតេជោ បានឲ្យដឹងថា គ្រឿងឥស្សរិយយស «មេដាយផូសៃឡានសាង» ជាមេដាយមានគុណតម្លៃ ខ្ពស់បំផុតរបស់ឡាវ សម្រាប់បំពាក់ជូនថ្នាក់ដឹកនាំបរទេស ដែលមានស្នាដៃក្នុងការចូលរួមចំណែក លើកកម្ពស់ទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការល្អ ជាមួយប្រទេសឡាវ ។
សម្ដេចនាយករដ្ឋមន្ដ្រីបញ្ជាក់ថា «មោទកភាពដែលខ្ញុំទទួលបាននៅពេលនេះ គឺជាមោទកភាព របស់ប្រជាជនកម្ពុជាទាំងមូល ហើយជាការរួមចំណែក ដ៏ធំធេងរបស់រដ្ឋាភិបាល និងប្រជាជនឡាវ ជាបងប្អូនក្នុងការពូនជ្រុំ ទំនាក់ទំនងល្អជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រវាងក្រសួងស្ថាប័ន អាជ្ញាធរគ្រប់លំដាប់ថ្នាក់នៃប្រទេសទាំងពីរ» ។
សម្តេច ក៏បានលើកឡើងថា ចំណងមិត្តភាពជាប្រពៃណីរវាងកម្ពុជា-ឡាវ រាប់សតវត្សរ៍មកនេះ បានក្លាយជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង ហើយក៏ជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ប្រទេសទាំងពីរ ក្នុងការធ្វើឲ្យសម្រេចបានសមិទ្ធផលជាផ្លែផ្កា នៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យផងដែរ។
សូមរំលឹកថា កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ លោកបណ្ឌិត ថងលួន ស៊ីសូលីត ប្រធានាធិបតីឡាវ បានបំពាក់គ្រឿង ឥស្សរិយយសថ្នាក់ខ្ពស់បំផុត របស់ឡាវ មានឈ្មោះថា «មេដាយផូសៃឡានសាង» ជូនចំពោះ សម្តេចតេជោ ចំពោះគុណបំណាច់ដ៏ធំធេង របស់សម្តេច ក្នុងការជួយដល់ប្រទេស និងប្រជាជនឡាវ ពិសេសក្នុងដំណាល់នៃការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ ដោយសម្តេចបានឧបត្ថម្ភវ៉ាក់សាំង សម្ភារៈវេជ្ជសាស្រ្ត និងការគៀងគរ ដល់សប្បរសជនកម្ពុជា ជួយផ្តល់ថវិកា ដ៏ច្រើន ក្នុងការជួយដល់រដ្ឋាភិបាល និងប្រជាជនឡាវ ដែលជួបប្រទះការលំបាកដ៏ខ្ពង់ខ្ពស់ បំផុតនាពេលនោះ៕