ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ មាតុភូមិនិវត្តន៍មកដល់កម្ពុជាដោយសុវត្ថិភាពវិញហើយ នារសៀលម៉ោងប្រមាណ៣និង៣០នាទីនេះ បន្ទាប់ពីបានបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ រយៈពេល២ថ្ងៃរួចមក(១៣-១៤កុម្ភៈ) ដោយបានជួបថ្នាក់ដឹកនាំកំពូលៗ របស់ឡាវជាច្រើន ហើយបានលទ្ធផលយ៉ាង ត្រចះត្រចង់លើកិច្ចការងារ សំខាន់ៗមួយចំនួន ។
ក្នុងដំណើរទស្សនកិច្ចរបស់សម្តេចតេជោទៅកាន់ឡាវលើកនេះ បានពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នាឲ្យកាន់តែរឹងមាំថែមទៀត។
កត់សំគាល់ថា សម្រាប់ដំណើរទស្សនកិច្ចនេះ សម្តេចតេជោ នាយករដ្ឋមន្រ្តីកម្ពុជា និងលោកសនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ មានការពេញចិត្ត ចំពោះវឌ្ឍនភាពរបស់គណៈកម្មការចម្រុះព្រំដែនកម្ពុជា-ឡាវ ដែលបានធ្វើការខណ្ឌសីមា និងបោះបង្គោលព្រំដែនបាន១២១ បង្គោល ស្មើនឹង ៨៦% នៃព្រំដែនរួម និងបានឯកភាពគ្នាដោះស្រាយបញ្ហាព្រំដែន ដែលនៅសេសសល់ ដោយឈរលើមូលដ្ឋានយោគយល់គ្នាទៅវិញទៅមក និងដោយសន្តិវិធី ។
សម្តេចតេជោបានចាត់ទុកថ្ងៃនេះ “ជាថ្ងៃប្រវត្តិសាស្រ្តសំរាប់ប្រជាជាតិយើងទាំងពីរ”។
សម្តេចតេជោ ក៏បានអញ្ជើញចុះហត្ថលេខាជាមួយលោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ លើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ រវាងប្រទេសទាំង២ និងផែនការសកម្មភាពសម្រាប់ភាពជា ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង សម្រាប់ឆ្នាំ២០២៣-២០២៧ និងបានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខា លើកំណត់ហេតុ នៃកិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ឡាវ និងឡាវ-កម្ពុជាផងដែរ៕