ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានសម្រេចចិត្តអនុញ្ញាត ឲ្យក្រុមកីឡាករ-កីឡាការិនីដែលរងរបួស ពីការប្រកួតទៅព្យាបាលជំងឺ នៅមន្ទីរពេទ្យជាតិតេជោសន្តិភាព ដោយមិនគិតថវិកាអ្វីឡើយ ។
ការសម្រេចចិត្តរបស់សម្តេចតេជោនេះ បានធ្វើឡើងនៅព្រឹកថ្ងៃ១៥ កុម្ភៈ ក្រោយបញ្ចប់កិច្ចពិភាក្សាជាមួយ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ដើម្បីរៀបចំកន្លែងព្យាបាល ដល់ពួកគាត់រងរបួស។
សម្តេចបានបន្តថា ការអនុញ្ញាតព្យាបាលមិនយកលុយនេះដែរ ដោយសារសម្តេច បានមើលឃើញពីការលំបាករបស់ក្រុមកីឡា ដែលទៅព្យាបាលជំងឺនៅពេទ្យរដ្ឋ និងឯកជនលំបាករកថវិកាមកបង់ ទោះបីសម្តេចកិត្តិព្រឹទ្ធិបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន បានឧបត្ថម្ភលើកីឡាករមួយចំនួនក៏ដោយ ក៏ពួកគាត់នៅតែជួបការលំបាក ក្នុងការរកសេវាសុខភាព ។
សម្តេចតេជោ បានគូសបញ្ជាក់ថា “ដោយមើលឃើញនូវការលំបាកបែបនេះ ព្រឹកនេះខ្ញុំបានពិភាក្សា ជាមួយឯកឧត្តម ម៉ម ប៊ុនហេង និងលោកជំទាវយក់ សម្បត្តិដើម្បីរៀបចំទីកន្លែង សម្រាប់ព្យាបាលកីឡាករ-កីឡាការិនីនៅមន្ទីរពេទ្យជាតិតេជោសន្តិភាព ដែលមានចំនួនគ្រែពី១០០ទៅ២០០គ្រែ” ។
សម្តេចនាយរដ្ឋមន្រ្តី បន្តថា ការព្យាបាលមិនតម្រូវឲ្យមានការបង់ប្រាក់ និងត្រូវមានឯកទេសគ្រប់គ្រាន់ ស្របតាមស្ថានភាពរបួស។
សម្តេច ក៏បានឲ្យក្រសួងសុខាភិបាល រៀបចំឲ្យបានឆាប់រហ័ស ដែលនឹងអាចចូលរួមផងដែរ ដល់ការប្រកួតស៊ីហ្គេមនាពេលខាងមុខ៕