ព័ត៌មានជាតិ

កំពង់ផែព្រះសីហនុ-ភ្នំពេញ រកចំណូលបាន ១២៦លានដុល្លារ ក្នុងឆ្នាំ២០២២

ភ្នំពេញ៖ បើតាមលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងរយៈពេលពេញ១ឆ្នាំ នៅឆ្នាំ២០២២ កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តភ្នំពេញ រកចំណូលបានចំនួន ១២៦លានដុល្លារ។

ក្នុងពិធីសន្និបាតបូកសរុបលទ្ធផល ការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួង នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានបញ្ជាក់ថា «កំពង់ផែស្វយ័តក្រុងព្រះសីហនុ ទំនិញឆ្លងកាត់មានចំនួនប្រមាណ ៥,៣ លានតោន កើនឡើង ១,២៩% និងចំណូលសរុបមានចំនួនប្រមាណ ៣៥១ប៊ីលានរៀល (ប្រមាណ៨៦លានដុល្លារ) កើនឡើង ២,៤៥% ធៀបនឹងការអនុវត្តឆ្នាំ២០២១»។

ចំណែក កំពង់ផែស្វយ័តភ្នំពេញវិញ លោកថា មានទំនិញឆ្លងកាត់ប្រមាណ ៤,២លានតោន កើនឡើង ៩% និងចំណូលសរុបមានចំនួនប្រមាណ ១៦៣ប៊ីលានរៀល (ប្រមាណ៤០លានដុល្លារ) កើនឡើង ១៧,១០% ធៀបនឹងការអនុវត្តឆ្នាំ២០២១។

លោកទេសរដ្ឋមន្ដ្រីបន្ដថា ក្រសួងក៏បាននិងកំពុងអភិវឌ្ឍន៍ និងធ្វើទំនើបកម្មចំណតផែកុងតឺន័រថ្មី តាមរយៈការសិក្សាជាមួយ JICA ដើម្បីប្រែក្លាយជាកំពង់ផែក្នុងតំបន់ដ៏មានសក្តានុពល ក្នុងការគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្រ ដែលបច្ចុប្បន្នបាននិងកំពុង ស្ថិតក្នុងនីតិវិធីដេញថ្លៃជ្រើសរើសក្រុមហ៊ុនសាងសង់។

លោកថា ជាមួយគ្នានេះ ក្រសួងកំពុងសិក្សាពីលទ្ធភាពសាងសង់ផែកុងតឺន័រ ជំហានទី២ និងជំហានទី៣ ក្នុងនោះ ជំហានទី២ ប្រវែង៤០០ម៉ែត្រ ជម្រៅទឹក១៦ម៉ែត្រ (២០២៥-២០២៨) និងជំហានទី៣ ប្រវែង ៤៣០ម៉ែត្រ ជម្រៅទឹក១៧,៥ម៉ែត្រ (២០២៦-២០៣០)៕

To Top